អស់រយៈពេល​១៩ថ្ងៃកន្លង​ទៅហើយ​កងទ័ព​កម្ពុជា​១៨នាក់​ ដែលយោធាថៃ​ចាប់ធ្វើចំណាប់ខ្មាំងដោយ​ខុសច្បាប់ ខណៈកម្ពុជា​អំពាវ​នាវ​យ៉ាងទទូច​ឲ្យ​ដោះលែង​មានសេរីភាព​ឡើង​វិញ​

Vannak News Network

(ភ្នំពេញ) ៖ មកទល់ពេលនេះ​មានរយៈពេល​១៩ថ្ងៃកន្លងមក​ហើយ​ ដោយគិត​ត្រឹម​ម៉ោង​១១ព្រឹក ថ្ងៃទី​១៧ ខែសីហា ឆ្នាំ២០២៥ ក្រោយ​អនុវត្តបទឈប់​បាញ់​រវាងកម្ពុ​ជា​ថៃ ខណៈកងទ័ពកម្ពុជា១៨នាក់​ដែលយោធា​របស់ថៃ​បាន​ចាប់ធ្វើ​ចំណាប់ខ្មាំង​នោះ​មិនទាន់​បាន​ដោះលែង​ឲ្យ​មានសេរីភាព​នៅឡើយទេ​ ខណៈកម្ពុជា​យើង​បាន​បន្ដអំពាវ​នាវឲ្យមានការដោះលែង​វិញមកជួបជុំក្រុមគ្រួសារ​ នេះបើយោងតាម​អ្នក​នាំពាក្យ​ក្រសួងការពារ​ជាតិ​ក្នុង​សន្និសារព័ត៌មាន​ព្រឹកនេះ​។


លោកជំទាវ​ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំក្រសួងការពារ​ជាតិ​ បានថ្លែង​យ៉ាង​ដូច្នេះ​ថា «កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃ ប្រគល់កម្ពុជាវិញនូវកងកម្លាំងទាំង១៨នាក់ ដើម្បីអាចឱ្យពួកគាត់អាចមកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ដែលទន្ទឹមរង់ចាំទាំងយប់ ទាំងថ្ងៃយ៉ាងទទូច»។ លោកជំទាវ​បានបន្ថែមថា ទាហានថៃ បានចូលមកចាប់ខ្លួនទាហានកម្ពុជា ដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលគិតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ គឺមានរយៈពេល១៩ថ្ងៃមកហើយ។ ក្រសួងការពារជាតិ និងសហគមន៍អន្តរជាតិ នៅតែបន្តទាមទារ រហូតដល់ភាគីថៃ ប្រគល់មកកម្ពុជាវិញ។


អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ នឹងបន្តទាមទាររហូតដល់ភាគីថៃ បំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ។ រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងប្រជាពលរដ្ឋកម្ពុជា មិនទុកឱ្យសមាជិកណាម្នាក់ចោល និងឯកកោជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។


អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរ ​នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចព្រំដែទូទៅ (GBC) កាលពីថ្ងៃទី៧ ខែរសីហា ឆ្នាំ២០២៥ ថ្មីៗនេះ នៅប្រទេសម៉ាឡេស៉ី។


អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា កម្ពុជា នៅតែបញ្ជាក់ពីជំហរដោយស្មោះត្រង់របស់ខ្លួន ដើម្បីធ្វើការជាមួយប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព ពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top