បង្ក្រាប​បទល្មើស​បង្ខាំង​ធ្វើទារុណកម្ម​ និងជំរិតទារប្រាក់​ចាប់ខ្លួន​ជនល្មើស៤នាក់​ និង​រំដោះជនរងគ្រោះ​ម្នាក់​

Vannak News Network

(ព្រះសីហនុ)៖ ដោយទទួលបាន​តម្រុយ​ច្បាស់ការណ៍​កម្លាំង​អាវុធហត្ថខេត្តព្រះសីហនុ​ បាន​ប្រតិបត្ដិការ​ស្រាវជ្រាវ​ និង​បង្ក្រាប​ករណីចាប់​បង្ខាំង​ ធ្វើទារុណកម្ម​យ៉ាង​ឃោឃៅ​ ដើម្បី​ជំរិត​ទារប្រាក់ នៅចំណុចកាស៊ីណូ «ស៊ីងហោភីក» ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ និងផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយចាប់ជនល្មើសចំនួន៤នាក់ (ចិន៣នាក់) និងរំដោះជនរងគ្រោះជនជាតិចិនត្រឡប់មកវិញជាមួយរងរបួសពេញខ្លួន និងយ៉ាងធ្ងន់ធ្ងរ។


ប្រតិបត្តិការបំបែកករណីនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស, ឯកឧត្តម​ ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។


យោងតាមប្រភពព័ត៌មាន​ ដែលយើងខ្ញុំទទួលបាន​នៅថ្ងៃទី​១៥ ខែឧសភា ឆ្នាំ២០២៦នេះ បញ្ជាក់​ថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ដព្រះសីហនុ​ បានទទួលព័ត៌មានថា មានករណីចាប់ជំរិតទារប្រាក់មួយកើតឡើង ប្រព្រឹត្ដនៅចំណុចក្រុងព្រះសីហនុ បង្កដោយជនសង្ស័យជាជនជាតិចិន និងជនរងគ្រោះជាជនជាតិចិនដូចគ្នា ហើយជនសង្ស័យបានបើករថយន្ដម៉ាក LEXUS NX200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT-4899 យកទៅភ្លុងចោលនៅចំណុចភូមិស្មាច់ដែង សង្កាត់រាម ក្រុងព្រះសីហនុ។


បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញ បានចុះទៅចំណុចទីតាំងរថយន្ដផ្លុងចោលខាងលើ និងបានយករថយន្ដខាងលើមករក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដព្រះសីហនុ ដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យ និងជួយសង្គ្រោះជនរងគ្រោះ។


លុះដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៨៖៤០នាទី កម្លាំងចំនួន១០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ដព្រះសីហនុ ដោយមានការសម្រេប សម្រួលនីតិវិធីពីលោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានចុះទៅចំណុចផ្ទះវីឡា​មួយកន្លែង ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ និងបានធ្វើការឡោមព័ទ្ធទីតាំងផ្ទះវីឡា ពេលសមត្ថកិច្ចកំពុងតែឡោមព័ន្ធនោះ ជនសង្ស័យបានដឹងខ្លួន មានបំណងចង់រត់គេចខ្លួន តែត្រូវបានជនរងគ្រោះឆ្លៀតឱកាសរត់ចេញពីផ្ទះវីឡានោះ ក្រោយមកត្រូវបានសមត្ថកិច្ចជួយសង្គ្រោះជនរងគ្រោះបាន។


ជនរងគ្រោះឈ្មោះ HUANG ZEWEI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ (រងរបួសធ្ងន់ធ្ងរ និងមានរបួសពេញខ្លួន)។


ជនសង្ស័យចំនួន៤នាក់ មានចិនចំនួន៣នាក់ និងខ្មែរម្នាក់ រួមមាន៖


*ទី១៖ ឈ្មោះ LAN HUAI MIN អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរប​រមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

*ទី២៖ ឈ្មោះ SHIY INGYA អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរប​រមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

*ទី៣៖ ឈ្មោះ ZHENG XIANG ZHU អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរប​រមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

*ទី៤៖ ឈ្មោះ ជា ជ័យជេស្ដា អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។


វត្ថុតាងដែលដកហូតរួមមាន៖


១-ផ្លាកលេខរថយន្ដលេខ ភ្នំពេញ 2BA-9099 ចំនួន១គូ

២- ខ្នោះដៃចំនួន៧គូ

៣- ដែកចុងស្រួចចំនួន១

៤- ដែកទីបមូលប្រហែល២.៥ម៉ែត្រ ចំនួន១

៥- ដង្កាប់ចំនួន១

៦- ស្នាប់ដៃចំនួន២

៧- ខ្សែកៅស៊ូចំនួន១

៨- កូនកាំបិតចំនួន១

៩- វិទ្យុទាក់ទងចំនួន២គ្រឿង

១០- កន្សែងតូចចំនួន២ (ប្រឡាក់ឈាម)

១១- វាំងននចំនួន១ (ប្រឡាក់ឈាម)

១២- ស្រោមខ្នើយចំនួន១ (ប្រឡាកឈាមសម្រាប់រុំមុខ)

១៣- តង់កៅស៊ូពណ៌ខៀវ (ប្រឡាក់ឈាម)

១៤- ដែកជើងតុពណ៌មាសចំនួន១ (បាក់)

១៥-វ៉ាលីពណ៌ខ្មៅ ចំនួន១

១៦-ទូរសព្ទដៃចំនួន៦គ្រឿង

១៧- លិខិតឆ្លងដែនជនជាតិខ្មែរចំនួន១

១៨- លិខិតឆ្លងដែនជនជាតិចិនចំនួន១

១៩- លិខិតឆ្លងដែនជនជាតិឡាវចំនួន១


របាយការណ៍បានបញ្ជាក់ថា ករណីខាងលើ គឺជនសង្ស័យមានការរៀបចំគម្រោងទុកជាមុន (មានអង្គការចាត់តាំង) ដោយក្នុងប្រតិបត្ដិការនោះ គឺជនសង្ស័យមានគ្នាប្រហែល ៧ទៅ ៨នាក់ ជនជាតិចិន ហើយក្នុងចំណោម ជនសង្ស័យនោះ គឺមានម្នាក់ជាមិត្ដភក្ដិរប​ស់ជនរងគ្រោះ ដោយដឹងពីស្ថានភាពរបស់ជនរងគ្រោះច្បាស់លាស់ និងបានរៀបចំសម្ភារធ្វើសកម្មភាព ដូចជា ខ្នោះដៃ វ៉ាលី ឧបករណ៍ធ្វើទារុណកម្មជាដើម ជាពិសេសរថយន្ដ និងផ្ទះសម្រាប់ធ្វើសកម្មភាព (រថយន្ដ៣គ្រឿងទុកផ្លាស់ប្ដូរគ្នា)។


បន្ទាប់ពីរៀបចំគម្រោងរួចរាល់ ជនសង្ស័យដែលជាមិត្ដភក្ដិរ​បស់ជនរងគ្រោះ បានហៅជនរងគ្រោះមកកាស៊ីណូមួយកន្លែងម្ដុំតោ២។ បន្ទាប់ពីជនរងគ្រោះបានទៅដល់ ជនសង្ស័យក៏បាននាំជនរងគ្រោះឡើងទៅជាន់ទី១ រួចក៏បានធ្វើសកម្មភាពចាប់ជងរងគ្រោះតែម្ដង ដោយគ្នារបស់គេចំនួន៤នាក់ ក្លែងបន្លំធ្វើជាសមត្ថកិច្ចប៉ូលីសចិនថា ជនរងគ្រោះបានប្រព្រឹត្ដបទល្មើស ត្រូវបានប៉ូលីសចិនចាប់ខ្លួន និងបានចាប់វាយខ្នោះដៃ និងចងជើងជនរងគ្រោះ ដាក់ចូលក្នុងវ៉ាលីធំពណ៌ខ្មៅ រួចក៏រុញវ៉ាលីនោះចេញពីកាស៊ីណូ សំដៅទៅផ្ទះវីឡាធ្វើសកម្មភាព ដោយប្រើប្រាស់រថយន្ដចំនួន ៣គ្រឿង ផ្លាស់ប្ដូរពីមួយទៅមួយ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបានធ្វើទារុណកម្មលើជនរងគ្រោះ ជំរិតយកប្រាក់បានចំនួន៥ម៉ឺនដុល្លារ។


នៅពេលនេះសម្រាប់ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថរៀបចំបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top