ការគ្រប់គ្រងការបំពុលពង្រឹងលើ​ការគ្រប់គ្រង​សំណល់ឧស្សាហកម្ម​ និង​បរិស្ថាន​ ក្នុង​រោង​ចក្រសហគ្រាស​ និង​សិប្បកម្ម​ជារឿង​សំខាន់បំផុតនេះបើតាម​រដ្ឋមន្ដ្រី​ឧស្សាហកម្ម​

Vannak News Network

(ភ្នំពេញ)៖ ការលើកឡើង​បែបនេះ​របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្នុង​ពិធីបើកសិក្ខាសាលា​ស្ដីពី​ការ​ដាក់​ឲ្យអនុវត្តគោលការណ៍​ណែនាំ​ប្លង់បច្ចេកទេស​ប្រកាសស្ដីពី​ប្រព័ន្ធគ្រប់គ្រងការ​បំពុល​ និង​ការគ្រប់គ្រង​ហានិភ័យ​នៅក្នុង​រោង​ចក្រ​ សហគ្រាស​ និង​សិប្បកម្ម​ ក្នុង​គោលដៅ​ពង្រឹង​សុវត្ថិភាព​ឧស្សាហកម្ម​ កាលពីថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។


ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ដ្រី​ក្រសួង​ឧស្សហកម្ម​ បានថ្លែង​ក្នុងសិក្ខា​សាលា​នេះថា គោលការណ៍ណែនាំទាំងនេះត្រូវបានរៀបចំឡើងដើម្បីត្រួសត្រាយអនាគតនៃការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ដោយតម្រង់ទិសឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម រៀបចំប្លង់បច្ចេកទេស ការពារសុវត្ថិភាព និងគ្រប់គ្រងហានិភ័យ ដូចជាការបង្ការអគ្គិភ័យ ការកាត់បន្ថយការបំពុល និងការគ្រប់គ្រងសំណល់ឧស្សាហកម្ម តាមនិយាមរបស់ជាតិ និងឧត្តមានុវត្តន៍ជាអន្តរជាតិ។


វិស័យឧស្សាហកម្មកម្ពុជាបាន និងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ គិតត្រឹមចុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រធុនធំកំពុងដំណើរការចំនួន ៣,០៨៣ កើនឡើង ៦៥៨ មូលដ្ឋាន ស្មើនឹង ២៧% ធៀបនឹងឆ្នាំ២០២៤។ ទុនវិនិយោគសរុបមានចំនួន ២៥,១៦៨ លានដុល្លារអាមេរិក កើនឡើង ៤,៧១១ លានដុល្លារអាមេរិក ស្មើនឹង ២៣% ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួន ៣,៩០៦ លានដុល្លារអាមេរិក ស្មើនឹង ១៥% នៃទុនវិនិយោគសរុប។


ជាមួយនឹងកំណើនទាំងនេះ សុវត្ថិភាពឧស្សាហកម្ម និងអភិបាលកិច្ចល្អក្នុងខ្សែច្រវាក់ផលិតកម្មកាន់តែដើរតួសំខាន់សម្រាប់អនាគតឧស្សាហកម្មកម្ពុជា។ ឯកឧត្តម​រដ្ឋមន្ត្រីបានបន្ថែមថា «ប្លង់បច្ចេកទេសរោងចក្រដែលបានគិតគូរ និងរៀបចំគ្រប់ជ្រុងជ្រោយ គឺជាខែលការពារដំបូងបំផុត ដែលមិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺជួយការពារអាយុជីវិតបងប្អូនកម្មករ-យោជិតរបស់យើង»។


ប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំប្លង់បច្ចេកទេសត្រូវបានរៀបចំឡើង ដោយផ្អែកលើច្បាប់ និងបទប្បញ្ញត្តិដែលបានអនុវត្តជាច្រើនទសវត្សរ៍កន្លងមក។ ប្រកាសនេះកំណត់ប្លង់បច្ចេកទេសរោងចក្រដែលមានឯកសណ្ឋានភាព គ្របដណ្តប់លើខ្សែច្រវាក់ផលិតកម្ម គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ប្រព័ន្ធបង្ការអគ្គិភ័យ ច្រកទ្វារជម្លៀសពេលមានអាសន្ន និងលក្ខខណ្ឌសុវត្ថិភាពផ្សេងៗទៀត ហើយត្រូវបានប្រើជាឯកសារយោងចាំបាច់ សម្រាប់ការស្នើសុំប្រកាសបង្កើតរោងចក្រ បង្កើតសាខារោងចក្រ ផ្លាស់ប្តូរទីតាំង ពង្រីកខ្សែច្រវាក់ផលិតកម្ម និងវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ-សិប្បកម្មជាដើម។


ក្រសួងក៏ទើបចេញប្រកាសថ្មីមួយស្តីពីប្រព័ន្ធគ្រប់គ្រងការបំពុល ដើម្បីពង្រឹងការគ្រប់គ្រងសំណល់ឧស្សាហកម្ម និងការពារបរិស្ថាន នៅក្នុងរោងចក្រ សហគ្រាស និងសិប្បកម្ម៕


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top