អាជ្ញាធរ​នៅតែបន្ដបិទផ្លូវ​តំបន់ផ្សារដើមគ​នាពេលយប់ខណៈមានអ្នក​បន្ដ​យកផ្លូវ​សាធារណៈធ្វើអាជីវកម្ម​

Vannak News Network

(ភ្នំពេញ​) ៖​ ជារៀង​រាល់ថ្ងៃ​អាជ្ញាធរ​រាជធានីភ្នំពេញ​បានដាក់​កម្លាំង​នៅ​ជុំវិញ​តំបន់ផ្សារដើមគដដែល​ ដូចជា​មហាវិថី​ព្រះមេរ៉េត​ ម៉ៅសេទុង​ផ្លូវ​២៣០ និង​ផ្លូវកាត់ទទឹង​មួយចំនួន​ទៀតក្នុង​ខណ្ឌ​បឹង​កេង​កង​ និង​ខណ្ឌទួលគោក ហើយ​នាពេលយប់​នៅតែបន្ដ​បិទដដែល​ ដោយ​សារ​តែ​មានអ្នកលក់បន្លែផ្លែឈើ​បោះដុំ​មួយចំនួន​តូច​បាន​បំពាន​បម្រាម​របស់សាលារាជធានីភ្នំពេញ​ នេះបើយោង​តាម​ការបញ្ជាក់​របស់​លោកស្រី ដោ សម្ផស្ស​ អ្នកនាំពាក្យ​របស់​សាលារាជធានីភ្នំពេញ​។


បើយោងតាម​ប្រភពព័ត៌មានពីលោកស្រី ដោ សម្ផស្ស​ បាន​ប្រាប់ឲ្យដឹងថា ចាប់ពីវេលាម៉ោង​១២យប់​ដល់ម៉ោង៥ភ្លឺ​ មាន​អ្នកលួច​យកចិញ្ចឹមផ្លូវ​សាធារណៈធ្វើសកម្មភាព​បំពាន​បម្រាម​របស់សាលារាជធានីភ្នំពេញ​ ហើយ​អាជ្ញាធរ​ក៏កំពុងតែ​ឈជើង​នៅតំបន់​ផ្សារ​ដើមគយាមកាម​កុំឲ្យពួកគាត់​លក់បន្ដទៀតដែរ​។​ សព្វថ្ងៃនេះ​ ពួកគាត់​នៅតែ​បន្ត​លួច​ធ្វើ​សកម្មភាព ​ពិសេស​នៅ​ម៉ោង​ ១២ ​យប់ ម៉ោង ​១​ យប់ ម៉ោង ​២ ​ឬ​ ៣​ យប់ ម៉ោង ៥ ភ្លឺ​ ក៏មាន តែ​ជា​ចំនួន​តូច​នោះ​ទេ​។ ពួកយើង​នៅតែ​កំពុង​តាមដាន»។


លោកស្រី ដោ សម្ផស្ស បន្ត​ថា «ម្យ៉ាងវិញទៀត ចំពោះ​អាជីវករ​ដែល​លក់​នៅក្នុង​ផ្ទះ ពួកគាត់​សហការ​ជាមួយ​យើង តែ​នៅពេលដែល​ពួកយើង​ចុះ​រៀបចំ​តែប៉ុណ្ណោះ តែ​នៅពេល​យើង​ដកឃ្លា ពួកគាត់ បន្ត​លក់​មកលើ​ចិញ្ចើមផ្លូវ​ដដែល ដែល​សកម្មភាព​នេះ​យើង​នៅតែ​បន្ត​តាមដាន​អប់រំ ណែនាំ​ជាមួយនឹង​ការ​ធ្វើ​កំណត់ហេតុ​ពួកគាត់​ជា​រៀងរាល់​យប់។ ចំពោះ​សកម្មភាព​នេះ បន្តិច​ទៀត​បងប្អូន​យល់ ទើប​យើង​បន្ធូរបន្ថយ​រាប់ទាំង​ការ​បើក​ផ្លូវ​នៅ​ពេលយប់​ឡើងវិញ​ផង​ដែរ ព្រោះ​ពួកគាត់​នៅតែ​បន្ត​លប​លួច​លក់ដូរ​នៅ​ពី​យប់ ពិសេស​នៅ​ពេល​កណ្ដាល​អធ្រាត្រ ដោយ​មក​ផ្ទេរផ្ទូរ សម្រុកចូល​មក​ដល់​គោលដៅ​ដែល​ពួកគាត់​ធ្លាប់​លក់។ យើង​នៅតែ​ធ្វើការ​ជាមួយ​ពួកគាត់ ដោយ​យើង​បាន​កំណត់​មុខសញ្ញា​ពួកគាត់​បាន និង​បាន​បញ្ជូន​គាត់​ទៅ​លក់​នៅ​ទីតាំង​ដែល​ពួកគាត់​ចង់​ទៅ​លក់​។ អ្វី​ដែល​អាជ្ញាធរ​បាន​កំពុង​ធ្វើ គឺ​ប្រើប្រាស់​នូវ​វិធានការ​អប់រំ​ណែនាំ​ពួកគាត់​។​ តែ​បើសិនជា​ពួកគាត់​នៅតែ​ប្រឆាំង​បម្រាម​នេះ ម្ដង ពីរ​ដង ឬ​បី​ដង យើង​អាច​នឹង​មាន​វិធានការ​រដ្ឋបាល​ហើយ»។


លោកស្រី ដោ សម្ផស្ស បញ្ជាក់​ថា ចំពោះ​អាជីវករ​មួយ​ចំនួន​ធំ​កន្លងមក​លក់ដូរ​នៅ​លើ​ផ្លូវ​ម៉ៅ​សេទុង មហាវិថី​មុន្នី​រ៉េត​ផ្លូវ​ ២៣០​ និង​តំបន់​ផ្លូវ​មួយ​ចំនួន​ ជុំវិញ​ផ្សារ​ដើមគ បាន​សម្រេច​ចិត្ត​ទៅ​លក់​នៅ​ផ្សារ​ដែល​ពួកគាត់​ចង់​ទៅ​លក់​ហើយ ដូចជា នៅ​ផ្សារ​ដើម​គរ​ថ្មី​ ផ្សារ​តា​ម៉ាប់​ព្រែក​ជ្រៃ​ និង​ផ្សារ​មួយ​ចំនួន​ទៀត។


គួរ​បញ្ជាក់​ផង​ដែរ​ថា គិត​មកដល់ពេលនេះ​មាន​រយៈពេល ​២​ សប្ដាហ៍​ហើយ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ដាក់​បម្រាម​មិន​ឲ្យ​អាជីវករ​លក់​រំលោភ​លើ​ទ្រូងផ្លូវ ​ចិញ្ចើម​ផ្លូវ​ នៅ​តំបន់​ជុំវិញ​ផ្សារ​ដើម​គ ក្រោម​ហេតុផល​លើក​សោភណភាព​រាជធានី រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ សណ្ដាប់ធ្នាប់ របៀប​រៀបរយ​សាធារណៈ​។ ចំណាត់​ការ​នេះ ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​លើសលប់។ ប្រជាពលរដ្ឋ ចង់​ឃើញ​រដ្ឋបាល​រាជធានី​អនុវត្ត​វិធានការ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព៕


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top