ឯកឧត្តម ហ៊ុន ម៉ានី ៖ គណបក្សប្រជាជនកម្ពុជា​បានរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ​គ្រប់គ្នា​ និង​ជាគណបក្ស​ដែល​ពលរដ្ឋទាំង​អស់គ្នាអាចជឿទុកចិត្តពឹង​ពាក់បាន​

Vannak News Network

(កំពង់ស្ពឺ)៖ ក្នុង​កាលៈទេសៈដែលប្រទេ​ស​ជាតិ​កំពុងតែមាន​បញ្ហា​សៀមឈ្លានពានទឹកដី​កម្ពុជា​យើង រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតគាំទ្រ​ដល់គណបក្សប្រជាជនកម្ពុជា​ បានក្លាយជាទីពឹង​អាស្រ័យ​ដល់ប្រជាពលរដ្ឋ​គ្រប់ៗគ្នា​ ហើយ​ក្នុង​នាមជាគណបក្សចាស់ៗវស្សាផងដែរ​នោះបានយកចិត្តទុកដាក់​ដល់ខ្លាំង​បំផុត​ នេះជាការថ្លែង​ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល​ និង​ជាប្រធានក្រុមការងារ​គណបក្សចុះមូលដ្ឋាន​ខេត្តកំពង់ស្ពឺ​ ក្នុង​ពិធីសំណេះសំណាល​ទទួលសមាជិក​ថ្មី​នាព្រឹក​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នាក់ការបក្សសង្កាត់​ព្រះស្រែ​ ក្រុង​ឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។


នាឱកាសនោះផងដែរ​ លោកប្រធាន​គណៈកម្មាធិការ​គណបក្ស​សង្កាត់ព្រះស្រែ​បានឡើងអាន​របាយការណ៍ជូន​អង្គគណៈអធិបតី​ដើម្បី​ជម្រាប​ជូន​សមាសភាព​សមាជិកចូលថ្មី និង​ការប្ដេជ្ញាជូន​ដល់គណបក្ស​។ ក្រោយបានស្ដាប់​នូវរបាយការណ៍​រួច​រាល់​ ឯកឧត្តម​ ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់សម្តេចប្រធានគណបក្ស និងសម្តេចអនុប្រធានបក្សជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រះស្រែ ដែលមានវត្តមានក្នុងពិធីនេះ។ បន្ថែមពីលើនេះ លោកបានសម្តែងនូវការកោតសរសើរ ចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។


ឯកឧត្តម​ ហ៊ុន ម៉ានី បានបន្តថា គណបក្សប្រជាជនកម្ពុជា មិនល្អឥតខ្ចោះ ប៉ុន្តែជាគណបក្សដែលពឹងពាក់បាន និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តខ្ពស់ ថែរក្សាសុខសន្តិភាព ស្ថានភាពនយោបាយ និងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ជាពិសេស ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការស្តារសេដ្ឋកិច្ចជាតិ ដោយនាំមកនូវឱកាសការងារជូនដល់ប្រជាពលរដ្ឋ។ នេះជាទម្លាប់ធ្វើការរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងធ្វើតាំងពីថ្ងៃចាប់បដិសន្ធិរហូតមក។


សូមជម្រាបថា ក្នុងចំណោមសមាជិក សមាជិកាបញ្ចូលថ្មី ទាំង៥៨៥នាក់ នៅសង្កាត់ព្រះស្រែ នាឱកាសនេះ រួមមាន កម្មករ កម្មការិនី ចំនួន៣១៨នាក់, សិស្សនិស្សិត ចំនួន២៦នាក់, គ្រូពេទ្យ ចំនួន២នាក់ និងគ្រូបង្រៀន ចំនួន៣នាក់ ក្រោយពីបានពិនិត្យឃើញនូវប្រវត្តិ សមិទ្ធផល និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនជារៀងរហូតមក។ នេះជាការលើកឡើងក្នុងពាក្យស្នើសុំចូលជាសមាជិក ដែលបានអានដោយតំណាងសមាជិកសុំចូលថ្មី៕


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top