(ក្រចេះ)៖ ក្រសួងទេសចរណ៍ រួមជាមួយគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ នៅសួនមាត់ទន្លេ ក្រុងក្រចេះ ដោយដាំដើមឈើជាច្រើនដើមតាមដងផ្លូវ និងតំបន់ជុំវិញសួន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកស្រី ព្រមទាំងមានការចូលរួមពីគណៈកម្មការអន្តរក្រសួង ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៨០០នាក់។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ពិធីដាំដើមឈើអនុស្សាវរីយ៍នេះ ត្រូវបានរៀបចំឡើងក្នុងបរិបទអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដែលមានអត្ថន័យជ្រាលជ្រៅក្នុងការលើកកម្ពស់តម្លៃបរិស្ថាន និងវប្បធម៌ជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ការដាំដើមឈើ គឺជាសកម្មភាពដ៏មានសារៈសំខាន់ ដែលជានិមិត្តរូបនៃ «ការរីកលូតលាស់ និងសេចក្ដីសង្ឃឹម» ស្របតាមទិសស្លោក «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព»។
ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ថា សកម្មភាពនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍទេសចរណ៍បៃតងនៅកម្ពុជា ដោយបម្លែងសកម្មភាពដាំដើមឈើ ឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ ប្រកបដោយភាពទាក់ទាញ និងជួយលើកកម្ពស់សោភណភាពតាមដងផ្លូវ និងតំបន់សាធារណៈនានា នៅក្នុងខេត្តក្រចេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការអភិវឌ្ឍទេសចរណ៍បៃតង គឺជានិន្នាការសមស្របនឹងស្ថានភាពបច្ចុប្បន្ន ដែលត្រូវធានាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការអភិរក្សបរិស្ថាន ដើម្បីរក្សានិរន្តភាពសម្រាប់អនាគត ដោយក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវការប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» និងយុទ្ធនាការ «ទេសចរម្នាក់ ដើមឈើមួយដើម» ដើម្បីជំរុញឱ្យការដាំដើមឈើក្លាយជាសកម្មភាពសំខាន់មួយ ក្នុងវិស័យទេសចរណ៍។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្ពស់ចំពោះរដ្ឋបាលខេត្តក្រចេះ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកម្មវិធីនេះឱ្យប្រព្រឹត្តទៅដោយរលូន ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋដែលបានរួមចំណែកក្នុងសកម្មភាពបរិស្ថានដ៏មានអត្ថន័យនេះផងដែរ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គការជាតិ អន្តរជាតិ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ចូលរួមជំរុញអនុវត្ត ឱ្យបានម៉ឺតម៉ាត់នូវអនុសាសន៍ចំនួន៨ចំណុច ដែលបានដាក់ចេញក្នុងពិធីបើកព្រឹត្តការណ៍បុណ្យទន្លេលើកទី១០ ព្រមទាំងយុទ្ធនាការ «ទេសចរម្នាក់ ដើមឈើមួយដើម» និងអនុវត្តសកម្មភាពបៃតងផ្សេងៗ ដើម្បីរួមចំណែកអភិវឌ្ឍទេសចរណ៍កម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍ស្អាត បៃតង និងមាននិរន្តភាព។
សូមបញ្ជាក់ថា សកម្មភាពដាំដើមឈើនេះ មិនត្រឹមតែជាការអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកសំខាន់ក្នុងការជំរុញការយល់ដឹងពីសារៈសំខាន់នៃដើមឈើ និងភាពមិនអាចបំបែកបានរវាងធម្មជាតិ និងទេសចរណ៍ ការជំរុញទេសចរណ៍ប្រកបដោយចីរភាព៕
.jpg)




















