(កំពង់ធំ)៖ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត ឯកឧត្តមលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បេសកជនពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជកម្ពុជាចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយការលំបាកនានាផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តមលោកអ្នកឧកញ៉ាបណ្ឌិត បណ្ឌិត ទ្រី ភាព បានកោតសរសើរក្មួយៗទាំង២៤១នាក់ ដែលបានប្រឹងប្រែងសិក្សារៀនសូត្រតាំងពីថ្នាក់បឋមសិក្សា រហូតដល់បានប្រឡងមធ្យមសិក្សាទុតិយភូមិ។ លោកអ្នកឧកញ៉ា បានជម្រាបក្មួយៗថា ការសិក្សារៀនសូត្រមានគុណតម្លៃធំធេងណាស់។ ការសិក្សារៀនសូត្រជួយផ្តល់ចំណេះដឹង និងជួយធ្វើឱ្យជីវិតបានល្អប្រសើរ ហើយអាចជួយឱ្យកសាងប្រទេសឱ្យបានកាន់តែល្អប្រសើរ។
ឯកឧត្តមលោកអ្នកឧកញ៉ាបណ្ឌិត បានណែនាំដល់សិស្សត្រៀមប្រលងទាំងអស់ ឱ្យតាំងស្មារតី ហើយខិតខំបំពេញវិញ្ញាសារ ឱ្យអស់ពីសមត្ថភាព ដើម្បីទទួលជោគជ័យឈានទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្របន្តទៀត។ ដើម្បីលើកទឹកចិត្តបន្ថែម ឯកឧត្តមលោកអ្នកឧកញ៉ា បណ្ឌិតបានឧបត្ថម្ភដល់សិស្សទាំង ២៤១ នាក់នេះផងដែរ។ ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល និងលោកគ្រូ-អ្នកគ្រូ ១០នាក់ ក្នុងម្នាក់ៗ ១៥០,០០០រៀល។
ក្រោយបញ្ចប់ពិធីសំណេះសំណាលជាមួយសិក្សានុសិស្ស ឯកឧត្តមលោកអ្នកឧកញ៉ាបណ្ឌិត បន្តដំណើរអញ្ជើញទៅឃុំក្រយា ដើម្បីសួរសុខទុក្ខពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ ៨៥០គ្រួសារ និងនិមន្តព្រះសង្ឃសូត្រមន្តបង្សុកូល ឧទ្ទិសកុសលដល់ឌួងវិញ្ញាក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតទឹកដីពីការឈ្លានពានរបស់ទ័ពសៀមផងដែរ។
ក្នុងជំនួបនេះ ឯកឧត្តមលោកអ្នកឧកញ៉ាបណ្ឌិត បានលើកបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូររបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចំពោះបងប្អូនខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ តាមរយៈការណែនាំអាជ្ញាធរ ក្រុមការងារផ្តល់នូវអំណោយនានា ដើម្បីដោះស្រាយការលំបាកចំពោះមុខ និងស្វះស្វែងរកការងារជូន ដើម្បីបានប្រាក់ចំណូលទ្រទ្រង់ជីវភាព។
ដើម្បីចូលរួមចំណែក្នុងការជួយសម្រាលបន្ទុកដល់បងប្អូនពលករមួយរយៈពេលខ្លី ឯកឧត្តមលោកអ្នកឧកញ៉ាបណ្ឌិត បាននាំយកនូវអំណោយមួយចំនួនមកចែកជូនបងប្អូនពលករគ្រប់គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គ.ក្រ មីជាតិ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខេ ១យួរ និងថវិកាចំនួន ១០០,០០០រៀល៕