កិច្ចប្រជុំ​កែសម្រួលជាដំណាក់កាល​អាវុធ​ធុនធ្ងន់​៣ប្រភេទ​ ក្រោម​ការត្រួតពិនិត្យ​របស់អ្នក​សង្កេតការណ៍​អាស៊ាន​

Vannak News Network

(ឧត្តរមានជ័យ)៖ កងទ័ពកម្ពុជា-ថៃ បានឯកភាពគ្នា លើកការកែសម្រួលអាវុធធុនធ្ងន់៣ប្រភេទ ដែលមានដូចជា រថក្រោះ កាំជ្រួច២កាណុង និងកាំភ្លើងធំគ្រប់ប្រភេទ ក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។


ការឯកភាពគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃ RBC នារសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។ សហប្រធានដឹកនាំកិច្ចប្រជុំដោយ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការ កងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព។


សេចក្តីប្រកាសរួម អំពីលទ្ធផល នៃកិច្ចប្រជុំនេះ បានឱ្យដឹងថា ដើម្បីអនុវត្តតាមលទ្ធផលកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) និងសេចក្តីថ្លែងការណ៍រួម តាមរយៈការកែសម្រួលអាវុធធុនធ្ងន់ជាដំណាក់កាល និងការសម្របសម្រួលវិធានការណ៍ កសាងទំនុកចិត្ត លើកកម្ពស់ការជឿទុកចិត្តគ្នា និងស្ថិរភាពគ្នានៅតាមព្រំដែនកម្ពុជា-ថៃ ភាគីទាំងពីរបាន ឯកភាពគ្នាមានដូចខាងក្រោម៖


ក. ភាគីទាំងពីរបានឯកភាពគ្នាលើចំណាត់ថ្នាក់សព្វាវុធជា ០៣ (បី) ប្រភេទ និងកំណត់និយមន័យម ដូចខាងក្រោម៖


- ប្រភេទ ក (Type A) សំដៅទៅលើប្រព័ន្ធកាំជ្រួចហ្វូង (MLRS) ដែលមានកាណុងបាញ់ចាប់ពី០២ (ពីរ) ឡើងទៅ។

- ប្រភេទ ខ (Type B) សំដៅទៅលើកាំភ្លើងធំគ្រប់ប្រភេទ ដែលជាប្រភេទអូសណ្តោង ឬស្វ័យចល័ត ដែលប្រើប្រាស់ក្បាលគ្រាប់ ១០៥មីលីម៉ែត្រ ១២២មីលីម៉ែត្រ ១៣០មីលីម៉ែត្រ ១៥២មីលីម៉ែត្រ និង ១៥៥ មីលីម៉ែត្រ។

-ប្រភេទ គ (Type C) សំដៅទៅលើយុទ្ធោបករណ៍ប្រភេទពាសដែក ជាពិសេសរថក្រោះប្រយុទ្ធ (MBTs) ដែលផ្តល់នូវការការពារចល័ត កម្លាំងបាញ់សង្រ្កាប និងការគាំទ្រផ្ទាល់ដល់កម្លាំងថ្មើរជើង។


ដំណើរការនៃការកែសម្រួលអាវុធបំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលទី១ ត្រូវធ្វើឡើងក្នុង រយៈពេល០៣ (បី) សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និង ផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។


ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការប្រកាន់ខ្ជាប់នូវ ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់ពេញលេញនូវលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគោលការណ៍ដែលមានចែងក្នុង សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកាឡាឡាំពួរ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។


ភាគីទាំងពីរឯកភាពគ្នាក្នុងការសម្របសម្រួលលើការផ្ទៀងផ្ទាត់ ការចងក្រងឯកសារ និងការសង្កេត-ការណ៍ជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ភាគីទាំងពីរបានឯកភាពគ្នាចេញសេចក្តីប្រកាសព័ត៌មាន ដើម្បីផ្តល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាព និងការផ្ទៀងផ្ទាត់ដំណើរការដកអាវុធ សំដៅធានានូវតម្លាភាព គណនេយ្យភាព និងទំនុកចិត្តសាធារណៈក្នុងការអនុវត្ត។


ភាគីទាំងពីរឯកភាពគ្នាថា នៅក្នុងករណីដែលភាគីណាមួយ លាក់បាំង ឬ បំភាន់បរិមាណ ឬ ប្រភេទអាវុធ សកម្មភាពបែបនេះត្រូវបានចាត់ទុកថាជា ការកង្វះភាពស្មោះត្រង់ក្នុងការស្តារប្រក្រតីភាព ស្ថេរភាព និង ទំនាក់ទំនងគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។


កិច្ចប្រជុំមួយរបស់ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ស្តីពីការរៀបចំផែនការ និងការអនុវត្តលម្អិតនៃដំណាក់កាលទី២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការកែ សម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី២ ត្រូវធ្វើឡើងក្នុងរយៈពេល៣សប្តាហ៍ ចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ។


កិច្ចប្រជុំរបស់ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ស្តីពីការធ្វើរៀបចំផែនការ និងការអនុវត្តលម្អិតនៃ ដំណាក់កាលទី៣ នឹងត្រូវធ្វើឡើងក្នុងកាលបរិច្ឆេទណាមួយ ដែលភាគីទាំងពីរបានឯកភាពគ្នា ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ការកែសម្រួលអាវុធ បំផ្លិចបំផ្លាញធុនធ្ងន់ក្នុងដំណាក់កាលទី៣ ត្រូវធ្វើឡើងក្នុងរយៈពេល ០៣ (បី) សប្តាហ៍ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ។


កិច្ចប្រជុំ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) អាចនឹងកោះប្រជុំ តាមរយៈប្រព័ន្ធអនឡាញ ឬដោយផ្ទាល់ តាមការឯកភាពគ្នារវាងភាគីទាំងពីរ ក្រោមការសង្កេតការណ៍ និងផ្ទៀងផ្ទាត់ ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាបាននូវ ការសម្របសម្រួល ការពិគ្រោះយោបល់ទាន់ពេលវេលា និងការអនុវត្តប្រកបដោយប្រសិទ្ធភាព៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top