លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កងទ័ពកម្ពុជា-ថៃ បានកំណត់យកថ្ងៃទី១ ខែវិច្ឆិកា វេលាម៉ោង ១៨:៤៥នាទី ជាថ្ងៃចាប់ផ្តើមនៃការអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១ ដែលត្រូវអនុវត្តដូចគ្នា នៅក្រោមការសង្កេតការណ៍ និងការផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
បេីតាមអ្នកនាំពាក្យ ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ សម្រាប់ដំណាក់កាលទី១នេះ នឹងធ្វើឡើងក្នុងរយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី១-២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ សម្រាប់ភាគីកម្ពុជា ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ ក្នុងដំណាក់កាលទី១នេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន ០២ រួមមាន៖ ស្ថិតនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ។
ដោយឡែក ភាគីថៃ ក៏នឹងធ្វើការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ នៅក្នុងដំណាក់កាលទី១នេះផងដែរ។ «កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដោយភាពស្មោះត្រង់ សុច្ឆន្ទៈ និងតម្លាភាព...»។ លោកស្រី ម៉ាលី សុជាតិ បន្ថែមដូច្នេះ៕




