ដំណើការ​សាងសង់​ប្រាង្គ​ឥដ្ឋលេខ​១៣ក្នុង​ប្រាសាទ​ភ្នំ​បាខែង​ បាន​រួច​រាល់ហើយ​នៅ​ដំណាក់កាលទី​១

Vannak News Network

(ខេត្ត​សៀមរាប) ៖ ក្រុមការងារ​ជួសជុល​ប្រាសាទ​បុរាណខ្មែរ​កំពុង​តែយកចិត្ត​ទុកដាក់ក្នុង​ការជួស​ជុល​ប្រាសាទ​របស់ខ្មែរ​យើងជាច្រើន​ក្នុង​ខេត្តសៀម​រាប ក្នុង​នោះផងដែរ​ដំណើការ​នៃការជួសជុល​ប្រាសាទភ្នំ​បាខែង​ បានជួសជុល​ប្រាង្គឥដ្ឋ​លេខ​១៣ ឬហៅ​ថា G13 បាន​បញ្ចប់ការជួស​ជុលរួច​ហើយ ដែល​ចំណុច​នោះ​គឺការពង្រឹង​តួចខឿន និង​ផ្នែក​ជញ្ជាំង​របស់ប្រាសាទ​។


យោង​តាម​កិច្ច​សម្ភាសន៍​ជាមួយ​លោកស្រី ឈុន រតនា មន្រ្តីនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានថ្លែង​ឲ្យដឹង​ថា ប្រាង្គឥដ្ឋលេខ១៣ បានចាប់ផ្តើមជួសជុលនៅខែឧសភា ហើយគ្រោងបញ្ចប់នៅក្នុងខែវិច្ឆិកានេះ។ ការ​ជួសជុលដំណាក់កាលទី១នេះ គឺចាប់ពីខឿនគ្រឹះឡើងលើប្រវែង៥ម៉ែត្រ។ អាជ្ញាធរជាតិអប្សរានឹងបន្តការងារជួសជុលដំណាក់កាលទី២ រហូតដល់កំពូលនៅដើមឆ្នាំក្រោយ។


លោកស្រី​បានជម្រាប​បន្ថែមជូន​ដល់អ្នក​សារព័ត៌មាន​ថា ស្ថានភាពមុនជួសជុល តួប្រាសាទឥដ្ឋនេះមានសភាពទ្រេត ឥដ្ឋពុកផុយ មានសត្វកណ្តៀរ និងរុក្ខជាតិតូចធំដុះ ធ្វើឱ្យប្រាសាទ ពិបាកឈរជាខ្លាំង ត្រូវការការទល់ទ្រជាចាំបាច់។ ចំណែកខឿនប្រាសាទវិញ ស្រុត និងបាត់ថ្មច្រើនដុំ។


សម្រាប់ការងារជួសជុលនេះដែរ ក្រុមការងារលោក​ស្រី ឈុត រតនា បានជួសជុលពង្រឹងខឿនជុំវិញប្រាសាទ ដោយខឿន​ខាងកើតប្រើថ្មបាយក្រៀមសុទ្ធ៦ស្រទាប់ និងកម្រាលថ្ម១ស្រទាប់។ ដោយឡែកខឿន​ខាងលិច ប្រើប្រាស់ថ្មភក់ ដោយសារវានៅសេសសល់ស្លាកស្នាមជាខឿនចំនួន១១ដុំ ហើយអ្នកជំនាញ បានស្វែងរកបំណែកថ្មភក់ដទៃទៀត ដែលនៅរាយប៉ាយជុំវិញបរិវេណប្រាសាទ។ អ្នកស្រី រតនា​ បញ្ជាក់ថា បំណែកខឿននៅជ្រុងខាងលិច ត្រូវបានក្រុមការងារស្វែងរកនៅខាងកើតប្រាសាទ ជិតបណ្ណាល័យ ខាងលិច សរុបជិត១០០ដុំ ដែលកន្លងមកក្រុមការងារអង្គការ​មូលនិធិប្រាសាទពិភពលោក (WMF) ប្រមូលទុកនៅមួយកន្លែង បន្ទាប់ពីមានការជួសជុល​ជុំវិញប្រាសាទនេះ។  


« កត្តាដែលនាំឱ្យមានការបំលាស់ទីថ្មចេញ​ពីបរិវេណខឿនប្រាសាទឥដ្ឋទី១៣ ព្រោះថានៅសម័យកណ្តាល មានការធ្វើព្រះដ៏ធំមួយនៅ​កំពូលប្រាសាទ ធ្វើឱ្យថ្មភក់បាត់នៅទីតាំងដើម ដូចករណីតួប្រាង្គឥដ្ឋលេខ ១៥ ជាដើម»។  នេះការលើកឡើងរបស់ជំនាញរូបនេះ ។ 


សម្រាប់ការងារជួសជុលជញ្ជាំងឥដ្ឋវិញ ក្រុមការងារបានគោរពទៅតាមធម្មនុញ្ញអង្គរ ដោយប្រើឥដ្ឋចាស់​ក្នុងបរិមាណច្រើន និងថ្មីខ្លះ ក៏ដូចជាបិទបាយអរ ដើម្បីឱ្យរឹងមាំឡើងវិញ និងប្រើប្រាស់ឥដ្ឋដូច​ទំហំឥដ្ឋចាស់។ អ្នកស្រី រតនា បន្តពន្យល់ដូច្នេះថា៖« ការប្រើបាយអរ ប្រើដោយស្តង់ដា និងមានវាស់ថ្លឹងត្រឹមត្រូវ ដើម្បីការពារកុំ​​ឱ្យវាខាំជាប់មិនល្អ។ ជញ្ជាំងខាងក្នុងបានសម្អាត និងបិទបាយអរ ដកយកកណ្តៀរចេញ ការពារកុំឱ្យមានជម្រាបទឹក»។


សូមជម្រាបថា ប្រាង្គឥដ្ឋនៅជុំវិញប្រាសាទធំមានចំនួនសរុប ៤៤ ក្នុងនោះខូចខាតកម្រិតមធ្យម១៥ ខូចខាតធ្ងន់ធ្ងរចំនួន៧ និងនៅសល់ត្រឹមតួគ្រឹះចំនួន ១៨។ កន្លងមកអាជ្ញាធរជាតិអប្សរាបានជួសជុល ប្រាង្គលេខ១៥ ប្រាង្គលេខ១៤ និងប្រាង្គលេខ១៣នៅពេលនេះ៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top