‎សភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ មានភាពស្ងប់ស្ងាត់ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ ‎

Vannak News Network

ភ្នំពេញ ៖ បើគិតត្រឹមព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងទិសយោធភូមិភាគទី៤ និងទី៥ ភូមិសាស្ដ្រខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ មានភាពស្ងប់ស្ងាត់ល្អ មិនមានការផ្ទុះអាវុធណាមួយកើតឡើងរវាងកងកម្លាំងប្រទេសទាំងពីរនោះឡើយ បើយោងតាមលោកជំទាវឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។

‎ក្នុងសន្និសិទសារព័ត៌មានព្រឹកនេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងយ៉ាងដូច្នេះថា «គិតចាប់តាំងពីម៉ោង១២រំលងអធ្រាត្រ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ រហូតដល់ម៉ោង៦ព្រឹកនេះ សភាពការណ៍នៅតាមបន្ទាត់ព្រំដែនក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់។ កងកម្លាំងរបស់យើងស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងឲ្យខាងតែបាន»។


‎អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងទៀតថា កងកម្លាំងកម្ពុជា គោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវប​ទឈប់បាញ់ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា ថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលមានការចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៉ី សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top