(ក្រចេះ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មការដឹកនាំ និងតម្រង់ទិសការអនុវត្តភារកិច្ចរបស់ក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ នៃមន្ទីររាជធានីខេត្តបានជំរុញដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តក្រចេះ ត្រូវខិតខំធ្វើការងារផ្នែកព័ត៌មាន និងសាធារណមតិ ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យសកម្មថែមទៀត ដើម្បីប្រជាពលរដ្ឋទទួលព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា។
ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តក្រចេះ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក ទេព អស្នារិទ្ធ បានថ្លែងថា ក្នុងក្របខណ្ឌប្រតិបត្តិការ ក្រុមមន្ត្រីព័ត៌មាន និងសាធារណមតិខេត្តក្រចេះ ត្រូវអនុវត្ត និងតាមដានការងារដោយសហការជាមួយរដ្ឋបាលខេត្ត និងធ្វើការយ៉ាងជាប់លាប់ជាប្រចាំជាមួយលោកអភិបាលរងទទួលបន្ទុកព័ត៌មាន និងជាអ្នកនាំពាក្យខេត្តក្រចេះ ព្រមទាំងមន្ទីរ អង្គភាពជុំវិញខេត្ត ដើម្បីផ្សព្វផ្សាយព័ត៌មានពិត សុក្រិត ពង្រឹងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ស្រាយបំភ្លឺសាធារណមតិ ឆ្លើយតបទៅនឹងការបំភ្លៃ បន្សាបព័ត៌មានក្លែងក្លាយជាដើម។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិ មានតួនាទីសំខាន់ណាស់សម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយមន្ទីរព័ត៌មានខេត្ត ដើរតួនាទីជាសេនាធិការដ៏ល្អរបស់រដ្ឋបាលរាជធានីខេត្ត។ ជាមួយគ្នានេះដើម្បីធ្វើជាសេនាធិការដ៏ល្អរបស់រដ្ឋបាលខេត្ត មន្ត្រីមន្ទីរព័ត៌មានចាំបាច់ត្រូវខិតខំបង្កើនការយកចិត្តទុកដាក់អនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន តាមបែបបុរេសកម្ម និងដោយពង្រឹងបន្ថែមនូវសមត្ថភាពផ្នែកបច្ចេកទេស ជំនាញប្រើប្រាស់កម្មវិធីឌីជីថលផ្សេងៗឱ្យស្របនឹងការរីកចម្រើនក្នុងសង្គម និងទំនោរនៃការទទួលព័ត៌មានសាធារណៈ រាប់បញ្ចូលទាំងបណ្តាញសង្គម Facebook, TikTok, Instagram, YouTube, X (Twitter) និង Telegram។
បន្ថែមពីលើនេះ មន្ត្រីមន្ទីរត្រូវបង្កើនគំនិតច្នៃប្រឌិត និងប្រើប្រាស់សិល្បៈក្នុងការប្រមូល ផលិត ផ្សព្វផ្សាយ និងគ្រប់គ្រងព័ត៌មាន ពិសេសត្រូវផ្ដោតលើប្រធានបទដែលមានប្រជាប្រិយភាពក្នុងលំហសាធារណមតិ ដើម្បីបញ្ជ្រាបអំពីសមិទ្ធផលរបស់ខេត្ត និងរាជរដ្ឋាភិបាល ព្រមទាំងឆ្លើយទៅនឹងការលើកឡើង និងសំណូមពរនានា។
លោកស្រី ណៃ ធីតា ប្រធានមន្ទីរព័ត៌មានខេត្តក្រចេះ បានអរគុណដល់លោកទេព អស្នារិទ្ធ និងក្រុមការងារក្រសួងព័ត៌មានដែលបានតម្រង់ទិសការងារព័ត៌មាន និងសាធារណមតិនេះ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់។
លោកស្រីប្រធានមន្ទីរក៏បានប្តេជ្ញាខិតខំពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកលើការងារព័ត៌មាន និងសាធារណមតិនេះ ឱ្យបានកាន់តែល្អថែមទៀតតាមរយៈការបំពាក់ឧបករណ៍សម្ភារៈបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតដើម្បីឱ្យការងារនេះទទួលបានជោគជ័យ៕