ស្ថានភាព​តាម​ព្រំដែន​កម្ពុជា​ថៃ​ ព្រឹកថ្ងៃទី​១៩ ខែសីហានេះ មានសភាព​ស្ងប់ស្ងាត់​ ខណៈ​កម្ពុជា​ស្នើឲ្យ​ភាគីថៃ​ អនុវត្តកិច្ចព្រមព្រៀង ដោះ​លែងយោធិនទាំង១៨នាក់

Vannak News Network

(ភ្នំពេញ)៖ យោងតាម​លោកជំទាវ​ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានថ្លែង​ក្នុងសន្និសិទ​សារព័ត៌មាននៅព្រឹកថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ក្នុងទិសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ មិនមានការវិវត្តអ្វីគួរឱ្យកត់សម្គាល់ឡើយ ខណៈដែលកងកម្លាំងកម្ពុជា បន្តស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តតួនាទីរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ 


លោកជំទាវ​បានបញ្ជាក់ថា ជាមួយនឹងការអនុវត្តជាអនុវត្តយ៉ាងខ្ជាប់ខ្ជួនចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀង១៣ចំណុច នៃកិច្ចប្រជុំ GBC កម្ពុជាបន្តទាមទារឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀង ដោយប្រគល់ឱ្យកម្ពុជាវិញនូវកងកម្លាំងកម្ពុជា១៨រូប ដែលត្រូវយោធាថៃចាប់ខ្លួនដោយខុសច្បាប់ ក្រោយបទឈប់បាញ់ ដែលរហូតដល់ពេលនេះមានរយៈពេល២០ថ្ងៃហើយ។ ក្រសួងការពារជាតិកម្ពុជា កងយោធពលខេមរភូមិន្ទ និងសហគមន៍អន្តរជាតិ បន្តទាមទាររហូតដល់ភាគីថៃ អនុវត្តច្បាប់អន្តរជាតិ ប្រគល់ពួកគាត់មកកម្ពុជាវិញ ដើម្បីបានជួបជុំគ្រួសារដែលកំពុងរង់ចាំ។


រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន បានរួមគ្នាជាធ្លុងមួយ ក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ​ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ច្បាស់លាសជាទីបំផុត។ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញរវាងភាគីទាំងសងខាង នឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផល នាំមកវិញនូវសន្តិភាព ​ស្ថិរភាព ប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។


កម្ពុជា បានប្តេជ្ញាចិត្តក្នុងការធ្វើការប្រកបដោយស្ថាបនា ដោយស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដូចជាអាមេរិក ចិន ដើម្បីធានា ការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព​និងពេញលេញ​ និងដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ​ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។


អ្នកនាំពាក្យក្រសួងការពារជាតិ៖ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីរំលងអាធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក កម្ពុជាសង្កេតឃើញថា មានការវិវឌ្ឍជាវិជ្ជមានជាបន្តបន្ទាប់ ជាមូយនឹងការពិភាក្សាទ្វេភាគីនៃប្រទេសទាំងពីរ ដូចជាកិច្ចប្រជុំ GBC និង RBC ជាដើម។ ដូច្នេះវាជាការចាំបាច់ ដែលភាគីទាំងពីរ ត្រូវតែកសាងលើការវិវត្ត​វិជ្ជមានទាំងនេះដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាព ជាពិសេស ការនាំមកវិញនូវប្រត្រតីភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរលើគ្រប់វិស័យ សម្រាប់ជាប្រយោជន៍នៃប្រជាជនប្រទេសទាំងពីរ៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top