(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបដិសេធចោលទាំងស្រុងដែលប្រទេសថៃបានចោទប្រកាន់មកលើកម្ពុជា ដោយគ្មានមូលដ្ឋានហេតុកាឬណ៍ច្បាស់លាស់ ពាក់ព័ន្ធទាហានរបស់ខ្លួនបានជាន់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងទឹកដីកម្ពុជា។
ថ្លែងក្នុងសន្និសិទសារព័ត៌មាននារសៀលនេះ លោកជំទាវឧត្តមសេីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងមាត់មិនមានការប្រើប្រាស់ និងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត ហើយកម្ពុជាជារដ្ឋភាគី នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្ដល់សច្ចាប័ត្យនៅឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្ដរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងការមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ។
លោកជំទាវ បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងការពារជាតិកម្ពុជា សូមធ្វើការច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីននៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ កម្ពុជា នៅតែរក្សាជំហរយ៉ាងម៉ឺងមាត់មិនមានការប្រើប្រាស់ និងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត»។
បើតាមលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា, ករណីទាហានថៃដើរជាន់មីននេះ មិនមានការស៊ើបអង្កេតជាផ្លូវការ និងមិនមានតម្លាភាពដើម្បីបញ្ជាក់ការពិតនៅឡើយ។ ខណៈកម្ពុជា តែងតែរំលឹកដល់ភាគីថៃជាច្រើនលើកច្រើនសារថា តំបន់នោះជាតំបន់មានគ្រាប់មីន ដែលជាសំណល់សល់ពីសង្គ្រាមជាច្រើនគ្រាប់ ហេតុដូចនេះគ្រប់ភាគីពាក់ព័ន្ធគួរជៀសវាង ការធ្វើសេចក្ដីសន្និដ្ឋានជាសាធារណៈណាមួយ មុនពេលរកឃើញការពិត និងផ្ដល់យុត្តិធម៌សម្រាប់ទាំងអស់គ្នា ដើម្បីបញ្ចៀសការភ័ន្ដច្រឡំ ឈានដល់ការប្រឈមមុខដាក់គ្នានាំឲ្យមានភាពតានតឹងកើតឡើងជាថ្មី។
ក្នុងន័យនេះ ក្រសួងការពារជាតិកម្ពុជា សូមគូសបញ្ជាក់យ៉ាងម៉ឺងមាត់ និងច្បាស់លាស់បំផុតនូវការប្ដេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការគោរព និងអនុញ្ញាតយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង១៣ចំណុច នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលចូលរួមសង្កេតការណ៍ដោយប្រទេសម៉ាឡេស៉ី សហរដ្ឋអាមេរិក និងសាធារណៈរដ្ឋប្រជាមានិតចិន៕