(ភ្នំពេញ) ៖ ក្រើនរំលឹកជាថ្មីម្ដងទៀត សម្រាប់អ្នកប្រើប្រាស់ផលិតផលខ្មែរគួរតែដឹងអំពី (Barcode) ដែលផ្តើម ដោយ 884 គឺជាលេខបារកូដ ដែលបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់សម្គាល់អត្តសញ្ញាណនៃផលិតផល។
សេចក្តីជូនដំណឹងនេះ គឺជាការបញ្ជាក់បន្ថែមដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ អាជីវករ និងសាធារណជន ក្នុងគោលបំណងជំរុញការគាំទ្រផលិតផលក្នុងស្រុក និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់លេខបារកូដផលិតផលក្នុងស្រទាប់មហាជនដែលជាអ្នកប្រើប្រាស់។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា បារកូដនេះ ត្រូវបានអនុញ្ញាតឱ្យប្រើដោយ ជីអេស១កម្ពុជា (GS1 Cambodia) ស្ថិតក្រោមការ គ្រប់គ្រងរបស់សភាពាណិជ្ជកម្មកម្ពុជា ហើយត្រូវបានផ្តល់ជូនម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បករ ពាណិជ្ជករ និងអាជីវករ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ដាក់លើស្លាកសញ្ញាផលិតផល៕



