(ភ្នំពេញ)៖ ការគូសបញ្ចាក់បែបនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមា អាណត្ដិទី៤ លើកទី៣ អប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥នេះ ស្ថិតនៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងក្នុងអង្គប្រជុំថា «ក្រសួងក៏អាចប្រមើលមើលពីផលប៉ះពាល់ និងភាពមិនប្រាកដប្រជាមួយចំនួនដែលអាចកើតមានឡើង ដោយសារតែគោលនយោបាយកំណត់ពន្ធបដិការរបស់សហរដ្ឋអាមេរិក មកពីបណ្ដាប្រទេសនាំចេញផ្សេងៗ។ ហើយត្រូវរង់ចាំមើលទាំងអស់គ្នា នៅក្នុងឆ្នាំនេះ ភាគីទាំងពីរមិនលើកនូវតួលេខណាមួយទេ ដោយទុកជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យសម្រេចជាក់ស្ដែង ដោយយោងទៅលើស្ថានភាពសេដ្ឋកិច្ច សង្គម និងទីផ្សារការងារ ក៏ដូចជាភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា»។
ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដថា ភាគីនិយោជក និងភាគីសហជីព ក៏បានឯកភាពគ្នាលើកនៅសំណើររួមចំនួន ៣ចំណុច ដើម្បីជូនសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ពិនិត្យ និងអន្តរាគមន៍។ ភាគីទាំងពីរ បានឯកភាពគ្នាបញ្ចប់នៅកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បបរមារ សម្រាប់ឆ្នាំ២០២៦នេះ គឺត្រឹមថ្ងៃទី១៧ ខែកញ្ញា នៅវេលាម៉ោង៣៖០០ខាងមុខនេះ។
ឯកឧត្តមក៏បានបញ្ជាក់អំពីស្ថានភាពគ្នាទាំងអស់គ្នា ហើយក៏មិននិយាយពីតួលេខណាមួយនោះទេ បើសិនជានិយាយពីតួលេខ គឺ ភាគីនិយោជក សុំមិនតម្លើង ចំណែកភាគីបងប្អូនក៏ធ្លាប់លើឡើងថា ប្រសិនបើបាន១០ដុល្លារល្អ ប៉ុន្តែបងប្អូនក៏បានដឹងដែរថា វាមិនមែនជាសំណាងចុងក្រោយរបស់បងប្អូនទេ អ្វីដែលរួមគ្នានៅពេលនេះ គឺថាធ្វើម៉េចពង្រើកទីផ្សារការងារឱ្យបានច្រើន ហើយជាឱកាសមាសសម្រាប់កម្ពុជា ឆ្នាំក្រោយក្នុងការទាញនៅគម្រោងវិនិយោគថ្មី។
ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី ហេង សួរ មានក្ដីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជាមានគោលជំហររួមមួយ ដើម្បីកំណត់បាននូវប្រាក់ឈ្នួលអប្បបរមា ដែលមិនខ្ពស់ជាងប្រទេសដែលជាគូប្រជែង ហើយម្យ៉ាងមកដល់ទីនេះ ខែនេះ ម៉ោងនេះ គឺប្រទេសមួយចំនួនផ្សេងទៀត គឺអត់ទាន់បានកំណត់ប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនឯងនៅឡើយ ដោយសារខាងភាពមិនប្រាកដជានៃផលប៉ះពាល់ដែលកើតឡើងដោយសារតែការកំណត់បដិការរបស់សហរដ្ឋអាមេរិក គឺមិនទាន់មានអ្នកណាដែលអាចវាយតម្លៃបានឃើញនៅឡើយ៕
