នាឪកាស​បុណ្យ​ភ្ជុំបិណ្ឌ​សាលារាជធានីភ្នំពេញ​ក្រោម​ការណែនាំ​របស់សម្ដេច​ធិបតី​ នឹង​ប្រើរថយន្ដ​ក្រុង​៥៩៧គ្រឿង​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ទៅស្រុកកំណើត​

Vannak News Network

(ភ្នំពេញ) ៖ នៅ​ព្រឹកថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៥នេះ តាមរយៈបណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​សម្ដេច​បហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា​ បាន​ណែនាំ​ឲ្យ​រដ្ឋបាលរាជធានីភ្នំពេញ​ បញ្ចេញរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។


សម្តេចបញ្ជាក់ដូច្នេះថា «ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខ្ញុំបានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ»។


បើតាមសម្តេចបវរធិបតី, ឯកឧត្តម​ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនសម្តេចថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ ដោយក្នុងនោះ៖


១. រថយន្តក្រុងចំនួន ១០០គ្រឿង ប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។


២. រថយន្តក្រុងចំនួន ៤៩៧គ្រឿង ប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧ គោលដៅ។ ព័ត៌មានលម្អិត សាលារាជធានីភ្នំពេញនិងផ្ដល់ជូនសាធារណៈជនក្នុងពេលឆាប់ៗខាងមុខ។


សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថាការរៀបចំរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ នឹងអាចជួយសម្រួល និងសម្រាលបន្ទុកខ្លះ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំនេះ៕


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top