ទឹកមុខញញឹម​ប្រជាពលរដ្ឋ​ជាង​៣០០គ្រួសារ​សប្បាយចិត្ត​ដែល​រដ្ឋាភិបាល​បានគិតគូរ​ចាប់ឆ្នោត​ផ្ដល់ដីឡូតិ៍លំនៅឋាន​នៅស្រុក​ចុងកាល់ ខេត្តឧត្តរមានជ័យ​

Vannak News Network

(ឧត្តរមានជ័យ) ៖ ក្ដីរំភើបឥតឧបមាររបស់ប្រជាពលរដ្ឋ​ចំនួន​៣៣៣គ្រួសារ​ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានចូលរួមចាប់ឆ្នោតជ្រើសដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម ក្រោមកម្មវិធីសម្បទានដីសង្គមកិច្ចថ្នាក់មូលដ្ឋាន គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III)។


ពិធីនេះបានធ្វើឡើងនៅសាលាស្រុកចុងកាល់ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមវត្តមានលោក សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការដឹកនាំគម្រោង LESED III តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ លោក ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាច្រើនរូបទៀត។


នៅក្នុងឱកាសនេះលោក មាន ចាន់យ៉ាដា បានថ្លែងលើកឡើងថា ពិធីចាប់ឆ្នោតនេះមិនត្រឹមតែជាការបែងចែកដីធ្លីធម្មតានោះទេ ប៉ុន្តែជាជំហានដ៏សំខាន់មួយក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាដីធ្លី និងកាត់បន្ថយភាពក្រីក្រ។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋមានដីសម្រាប់សង់លំនៅឋាន និងដីសម្រាប់បង្កបង្កើនផល ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេប្រកបដោយនិរន្តរភាព។


លោក សូ ខនឬទ្ធីគុណ បានថ្លែងគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ក្នុងការរៀបចំដីសម្បទានសង្គមកិច្ចនេះឡើង ក្នុងគោលដៅធានាថាប្រជាពលរដ្ឋគ្រប់រូបមានសុវត្ថិភាពដីធ្លី និងអាចកសាងអនាគតដ៏ល្អប្រសើរ។ លោកក៏ថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តឧត្តរមានជ័យ និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងសម្របសម្រួលដំណើរការគម្រោងនេះប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។


លោករដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានថ្លែងបន្តទៀតថា កន្លងមកគណៈកម្មាធិការគម្រោង LASED III បានអនុវត្តការងារជាច្រើនដោយយកចិត្តទុកដាក់ខ្ពស់ រាប់ចាប់ពីការធ្វើជំរឿនដល់ប្រជាពលរដ្ឋដែលគ្មានដីធ្លីពិតប្រាកដ រហូតដល់ការជ្រើសរើសទីតាំងដីសម្បទាន និងរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់។ ដំណើរការទាំងនេះត្រូវបានធ្វើឡើងប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីធានាថាប្រជាពលរដ្ឋដែលត្រូវបានជ្រើសរើស គឺជាក្រុមគោលដៅពិតប្រាកដរបស់រាជរដ្ឋាភិបាល៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top