អគារ​ពិគ្រោះ​ជំងឺ​ក្រៅ​(បសស)នៃមន្ទីរពេទ្យ​កាល់ម៉ែត​ ចំណាយ​ទឹក​ប្រាក់​ជាង៧៧ម៉ឺនដុល្លារ​

Vannak News Network

(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ បានប្រារព្ធពិធីក្រុងពាលី ចម្រើនព្រះបរិត្ដិប្រោះព្រំសិរីវុឌ្ឍីជ័យមង្គលអគារពិគ្រោះជំងឺក្រៅ (ប.ស.ស) ក្រោមធិបតីភាពលោកសាស្ដ្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។


គម្រោងសាងសង់អគារទាំងមូលមានតម្លៃទឹកប្រាក់សរុប ៧៧៥ ៤១៦,៥៦ដុល្លារអាមេរិក ហើយក្នុងនោះតម្លៃសំណង់ ៦៥៧ ៩៦៦,៩៣ដុល្លារអាមេរិក និងតម្លៃបំពាក់សម្ភារៈផ្សេងៗចំនួន ១១៧ ៤១៦,៦៣ដុល្លារអាមេរិក ជាថវិកាសន្សំរំលស់របស់មន្ទីរពេទ្យ ដែលសាងសង់ដោយក្រុមហ៊ុនសំណង់អ៊ីឌីអ៊ីស៊ី ខនស្ត្រាក់សិន ឯ.ក.។ បើតាមការប៉ាន់ស្មានអគារពិគ្រោះជំងឺនេះ អាចផ្តល់សេវាជូនប្រជាពលរដ្ឋចំនួន ៣៥០,០០០នាក់ ក្នុង១ឆ្នាំ។


ការសាងសង់អាគារខាងលើនេះផងដែរ តាមរយៈការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ហើយអគារពិគ្រោះជំងឺ (ប.ស.ស.)នេះ ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណងពង្រីកវិសាលភាពថែទាំសុខភាពជូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់សេវាពិគ្រោះជំងឺក្រៅជូនអ្នកជំងឺប្រើប្រាស់បណ្ណ ប.ស.ស. និងមូលនិធិសមធម៌ឱ្យបានកាន់តែច្រើនបន្ថែមទៀត សម្រាប់គាំទ្រដល់ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ដើម្បីឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យសុខភាពកម្ពុជាឆ្នាំ២០៣០ គឺ «សម្រេចភាពធន់នៃប្រព័ន្ធសុខាភិបាល និងការគ្របដណ្តប់សុខភាពជាសកល ដែលធានាកម្ពុជាមានសុវត្ថិភាព និងសុខភាពល្អ»។


តាមរយៈការខិតខំដោះស្រាយអាទិភាពជាយុទ្ធសាស្ត្រ ចំនួន ០៣ គឺ ១) ពង្រឹងសន្តិសុខសុខភាព, ២) កែលម្អសុខភាពទូទៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និង៣) ទំនើបភាវូបនីយកម្មប្រព័ន្ធសុខាភិបាល។


សម្រាប់អគារខាងលើនេះ មានកម្ពស់០២ជាន់ បណ្តោយប្រវែង ៣០,៣៦ម៉ែត្រ ទទឹង ៦,២៥ម៉ែត្រ ផ្ទៃក្រឡាសរុប ៥៦៩,០៤ម៉ែត្រក្រឡា គ្រោងអគារធ្វើអំពីដែក សរុបចំនួន ២០បន្ទប់៖

* ជាន់ផ្ទាល់ដី៖ កន្លែងរង់ចាំ បញ្ជរចុះឈ្មោះពិគ្រោះជំងឺក្រៅ ០៨បញ្ជរ បញ្ជរផ្តល់សេវា ០១បញ្ជរ និងបញ្ជរចុះឈ្មោះសមាជិក ប.ស.ស. ចំនួន ០៩បញ្ជរ និងបន្ទប់ប្តូរសម្លៀកបំពាក់របស់បុគ្គលិកចំនួន ០១បន្ទប់។

* ជាន់ទី១៖ បន្ទប់ពិគ្រោះជំងឺចំនួន 0៧ បន្ទប់ បន្ទប់បូមឈាមចំនួន 0២បន្ទប់ និងបន្ទប់អាហារបុគ្គលិក ០១បន្ទប់។

* ជាន់ទី២៖ បន្ទប់ពិគ្រោះជំងឺក្រៅចំនួន ០៩បន្ទប់ បន្ទប់អេកូ ០១បន្ទប់ ដែលបានរៀបចំស្រាប់សម្រាប់ទទួលអ្នកជំងឺក្នុងលក្ខខណ្ឌល្អប្រសើរ។


សូមជម្រាបថា អគារពិគ្រោះជំងឺក្រៅ (ប.ស.ស) នៅមន្ទីរពេទ្យកាល់ម៉ែត នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២៥ ស្អែកនេះ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ​ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល៕



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top