(ខេត្តកែប)៖ ក្នុងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ និងការធ្វើដំណើរប្រចាំថ្ងៃ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំមន្ដ្រីរាជការ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ចុះបើកការដ្ឋានមួយកន្លែងសាងសង់ផ្លូវប្រវែង២,០០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅត្រង់ចំណុចភូមិចំការចេក ឃុំពងទឹង ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងថា គោលបំណងនៃការសាងសង់ផ្លូវ១ខ្សែនេះ គឺដើម្បីបំពេញតម្រូវការ ដែលជាប្រយោជន៍ ដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិនេះផ្ទាល់ រួមជាមួយប្រជាពលរដ្ឋភូមិដ៏ទៃទៀត ឲ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើរឆ្លងកាត់ និងដឹកជញ្ជូនកសិផល ទំនិញផ្សេងៗជាដើម។ ផ្លូវ១ខ្សែនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តកែប ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកខិតខំគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងព្រះរាជាណាចក្រកម្ពុជា។
អភិបាលខេត្តនេះក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវនេះ ត្រូវចេះថែរក្សា កុំដឹកហួសទម្ងន់ នាំអោយផ្លូវឆាប់ខូច យើងទាំងអស់គ្នា មានសមិទ្ធផលថ្មីៗ យើងក៏ត្រូវចេះរួមគ្នារក្សានូវសមិទ្ធផលទាំងនោះ អោយបានយូរអង្វែង។
លោក លី ហ៊ត មេឃុំពងទឹក ស្រុកដំណាក់ចង្អើរ បានលើកឡើងក្នុងរបាយការណ៍ថា ចាប់ពីឆ្នាំ២០២១ រហូតមកដល់ឆ្នាំ២០២៥នេះ រដ្ឋបាលឃុំប្រើប្រាស់មូលនិធិឃុំប្រចាំឆ្នាំនីមួយៗ សាងសង់ផ្លូវបេតុងអាមេបានចំនួន៥ខ្សែ គឺ
ភូមិភ្នំលាវ ចំនួន១ខ្សែ មានប្រវែង ៧៨០ម៉ែត្រ ទទឹង៤ម៉ែត្រ អស់ថវិកាសរុប ១៤៧,៤២០,០០០រៀល,
ភូមិរនេស ចំនួន១ខ្សែ មានប្រវែង៤៤២ម៉ែត្រ ទទឹង៤.៥ ម៉ែត្រ អស់ថវិកាសរុប ២៥៦,៩៤៩,០០០រៀល,
ភូមិអូរដូង ចំនួន១ខ្សែ មានប្រវែង៤៧៥ម៉ែត្រ ទទឹង៥ម៉ែត្រ អស់ថវិកាសរុប ៣១៤,៦០២,០០០រៀល,
ភូមិព្រៃតាកុយ ចំនួន១ខ្សែ មានប្រវែង ១,៣៩៥ ម៉ែត្រ ទទឹង៦ម៉ែត្រ អស់ថវិការសរុប ៣៥៩,៦១១,៤០០រៀល និង
ភូមិចំការចេក ចំនួន១ខ្សែ មាមប្រវែង ២,០០០ម៉ែត្រ ទទឹង៥ម៉ែត្រ អស់ថវិកាសរុប ៤១៧,៥១៨,២០០រៀល ដែលភូមិមួយនេះ នឹងបើកការដ្ឋាននាឱកាសពេលនេះ៕
























