កម្ពុជា​ត្រូវ​ជម្រុញឧស្សាហូនីយកម្ម​ក្នុង​រូបភាព​ធ្វើ​ពិពិធកម្មមុខទំនិញ​នាំចេញ​ មូលដ្ឋាន​ផលិតកម្ម​ និង​ទីផ្សារ​នាំចេញ​ដើម្បីការរីកចម្រើន​

Vannak News Network

(ភ្នំពេញ)៖ ការលើកឡើងបែបនេះ​របស់​ឧបនាយករដ្ឋមន្ដ្រី​ ស៊ុន ចាន់​ថុល​ អនុប្រធានទី១ក្រុមប្រឹក្សា​អភិវឌ្ឍនន៍កម្ពុជា​(ក.អ.ក) ក្នុង​ការអញ្ជើញ​ជាអធិបតីភាព​ក្នុង​ពិធិ​បើកសិក្ខាសាលា​ផ្សព្វផ្សាយ​វាយតម្លៃ​លើការអនុវត្ត​ ផែនទីបង្ហាញ​ផ្លូវ​ការ​អភិវឌ្ឍ​វិស័យ​យានយន្ដ​ និង​អេឡិចត្រូនិកកម្ពុជា​ ក្នុង​ឆ្នាំ​២០២៣ និង​២០២៤ ដែលមានការអញ្ជើញ​ចូល​រួម​មកពី​តំណាង​ក្រសួង​ ស្ថាប័ន និង​អ្នកពាក់ព័ន្ធ​ជាច្រើន​រូបទៀត​។


សិក្ខាសាលានាព្រឹកនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើសពីការផ្សព្វផ្សាយរបាយការណ៍វាយតម្លៃលើការអនុវត្ត ផ.អ.យ.អ. ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ (២០២៣-២០២៤) ប៉ុន្តែជាការលើកកម្ពស់ការជជែកពិភាក្សា ដើម្បីកំណត់ទិសដៅអភិវឌ្ឍន៍ និងកំណើននៃវិស័យអាទិភាពទាំងពីរនេះនាពេលខាងមុខ តាមរយៈកិច្ចពិភាក្សាដែលមានវាគ្មិនមកពីក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ លើប្រធានបទស្តីពី «ការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងការបង្កើនការនាំចេញក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក»។


កិច្ចពិភាក្សានេះដែរត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីទទួលបានធាតុចូល និងអនុសាសន៍ចាំបាច់បន្ថែមទៀត ជាមូលដ្ឋានតម្រង់ទិសក្នុងការដាក់ចេញនូវវិធានការ និងយុទ្ធសាស្រ្តគន្លឹះថ្មីៗ សំដៅជំរុញការអភិវឌ្ឍវិស័យទាំងពីរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ព្រមទាំងពង្រីកភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ឆ្លើយតបទៅនឹងការប្រែប្រួលឥតឈប់ឈរនៃស្ថានភាពសេដ្ឋកិច្ចសកល។


ឯកឧត្តម​ ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើការពង្រឹងតួនាទីនៃវិស័យឧស្សហកម្ម ក្នុងការធានាចីរភាពនៃកំណើនសេដ្ឋកិច្ច តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែង ក្នុងទិសដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់, កម្ពុជាមិនអាចពឹងផ្អែកតែលើឧស្សហកម្មកាត់ដេរ និងវាយនភណ្ឌតែប៉ុណ្ណោះទេ ជាការចាំបាច់ណាស់ដែលកម្ពុជាត្រូវជំរុញឧស្សហូនីយកម្ម ក្នុងរូបភាពជាការធ្វើពិពិធកម្មមុខទំនិញនាំចេញ មូលដ្ឋានផលិតកម្ម និងទីផ្សារនាំចេញ ជាពិសេសការធ្វើទំនើបកម្មឧស្សាហកម្ម ដែលពឹងផ្អែកលើជំនាញបច្ចេកវិទ្យា និងតម្លៃបន្ថែមខ្ពស់»។


ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ឱ្យដឹងថា វិស័យយានយន្តជាវិស័យមួយដ៏សំខាន់ណាស់ ដែលអាចជួយឱ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេសដែលមានចំនូលខ្ពស់ឆ្នាំ២០៥០ ដោយយើងមិនអាចពឹងផ្អែកទៅលើវិស័យវាយនភណ្ឌ កាត់ដេរ បាននោះទេ។


ឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ត្រូវរួមសហការគ្នារកនីតិវិធីឱ្យបានគ្រប់ជ្រុងជ្រោយទាំងអស់ដើម្បីជំរុញឱ្យវិស័យយានយន្ត និងអេឡិចត្រូនិចនេះបានកាន់តែរីកចម្រើនបន្ថែមទៀតកម្ពុជា ខណៈដែលពេលថ្មីៗកន្លងទៅនេះ វិស័យយានយន្តនៅកម្ពុជា មានការរីកចម្រើនជាបន្តបន្ទាប់ តាមរយៈការតម្លើងរោងចក្រតម្លើងរថយន្តជាច្រើនប្រភេទ។


តែទោះយ៉ាងណាលោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រោងចក្រតម្លើងរថយន្តនៅកម្ពុជាសព្វថ្ងៃនេះ គឺបានយកគ្រឿងបន្លាស់ទាំងមូលមកផ្តុំតម្លើងនោះទេ ដូចនេះយើងត្រូវខិតខំធ្វើយ៉ាងណាជំរុញឱ្យអ្នកវិនិយោគទាំងក្នុង និងក្រៅស្រុក ធ្វើយ៉ាណាដាក់ទុកវិនិយោគ លើវិស័យគ្រឿងបង្គុំនេះនៅកម្ពុជា បង្កើតជារោងចក្រផលិតគ្រឿងបន្លាស គ្រឿងបង្គុំនេះឱ្យបានច្រើនដើម្បីផ្តត់ផ្គង់ទីផ្សារក្នុងស្រុក និងយកទីតាំងកម្ពុជា ដើម្បីផលិតគ្រឿងបង្គុំទាំងនោះសម្រាប់នាំយកទៅលក់នៅក្រៅប្រទេសបន្ថែមទៀត៕

អត្ថបទដោយ ៖ ទេព វីរៈ



#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top