រដ្ឋមន្ដ្រីក្រសួងបរិស្ថានចាត់វិធានការក្រុមហ៊ុនបំពុលបរិស្ថាននៅខេត្តកំពង់ឆ្នាំង

Vannak News Network

(កំពង់ឆ្នាំង)៖ ក្រោយមានបញ្ហាបំពុលបរិស្ថានពីសំណាក់ក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. ស្ថិតនៅចំណុចតំបន់អូរឬស្សីឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថានបានចុះត្រួតពិនិត្យមើលទីតាំងក្រុមហ៊ុនដែលបំពុលបរិស្ថានខាងលើនេះផងដែរ។


បណ្ឌិតរដ្ឋមន្ដ្រីបានថ្លែងថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើសច្បាប់ និងក្រុមហ៊ុន ត្រូវបិទអាជីវកម្មជាបណ្តោះអាសន្ន ហាមមិនឱ្យធ្វើសកម្មភាព និងស្នើដល់អាជ្ញាធរ ដាក់កម្លាំងសមត្ថកិច្ចឱ្យបន្តតាមដានចំពោះសកម្មភាពក្រុមហ៊ុន ចៀសវាងក្រុមហ៊ុនធ្វើសកម្មភាពជីករ៉ែបន្តទៀត។


បណ្ឌិត អ៊ាង សុផល្លែត បញ្ជាក់ថា ក្រសួងបរិស្ថាន នឹងសិក្សាយ៉ាងលម្អិតអំពីហេតុប៉ះពាល់ដល់បរិស្ថាននិងការប៉ះពាល់ដល់ជីវិតសត្វពាហនៈ និងជីវភាពរស់នៅ របស់ប្រជាជន។ ក្រសួងនឹងចាត់វិធានការឱ្យក្រុមហ៊ុនស្ដារផលប៉ះពាល់លើបរិស្ថាន រៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ មុនបញ្ចេញ និងផ្ដល់សំណងដល់ការខូចខាតបរិស្ថាន។


សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានចាត់វិធានការបន្ទាន់ដោយសម្រេចបិទអាជីវកម្ម បណ្តោះអាសន្នក្រុមហ៊ុនខាងលើនេះបន្ទាប់ពីរកឃើញថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើសច្បាប់បរិស្ថាន ដោយបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។


ក្រសួងបរិស្ថាន ស្នើសុំដល់អាជ្ញាធរធ្វើការជូនដំណឹង ដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនៅក្នុងតំបន់ទឹកអូរឬស្សី ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផ្អាកការប្រើប្រាស់ទឹក ការនេសាទ ឬយកសត្វចិញ្ចឹមចុះផឹកទឹកអូរ ជាបណ្តោះអាសន្ន រហូតដល់មានការណែនាំជាថ្មី។ លោករដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីជំនាញសហការជាមួយអាជ្ញាធរពាក់ព័ន្ធស្តារបរិស្ថានឡេីងវញ នៅទីតាំងក្រុមហ៊ុន និងនៅតាមប្រព័ន្ធអូរ អូរឫស្សី។


ក្រុមហ៊ុន ត្រូវបានរកឃើញការគ្រប់គ្រងសំណល់រាវពុំបានត្រឹមត្រូវ ដោយអាងស្តុកសំណល់រាវជាស្រះស្តុកធម្មតាមិនមានបំពាក់ប្រព័ន្ធសម្អាតត្រឹមត្រូវទេ ដោយគ្រប់សំណល់រាវចេញពីទីតាំងកិន និងរែងរ៉ែបានបង្ហូរលាយឡំជាមួយប្រព័ន្ធលូទឹកភ្លៀង។ លើសពីនេះក្រុមហ៊ុនមិនមានកន្លែងទុកដាក់សំណល់រឹង និងសារធាតុគ្រោះថ្នាក់ ត្រឹមត្រូវនៅឡើយទេ។ លើសពីនេះ ក្រុមហ៊ុនពុំបានអនុវត្តធ្វើរបាយការណ៍បាយតម្លៃហេតុប៉ះពាល់បរិស្ថាន ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន។


យោងតាមលទ្ធផលសំណាកទឹកទាំង៦ទីតាំងខាងលើ គឺមានស្ថានភាពគុណភាពទឹកមិនអនុលោម តាមស្តង់ដារទឹកសាធារណៈ ជាពិសេសប៉ារ៉ាមែត្រ Cyanide នៅចំនួន៥ទីតាំង មានកំហាប់ប្រែប្រួលទាប់ខ្ពស់។ សារធាតុ Cyanide នេះត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងវិស័យឧស្សាហកម្ម សម្រាប់ចម្រាញ់រ៉ែមាស។ ចំពោះប៉ារ៉ាមែត្រ CODCR ជាប៉ារ៉ាមែត្របញ្ជាក់ពីសាធាតុគីមីចេញពីរោងចក្រ ដែលជាធម្មតាមិនអាចរកឃើញនៅក្នុងទឹកធម្មជាតិ គឺត្រូវបានរកឃើញគ្រប់ទីតាំងយកសំណាកទាំងអស់ ទោះបីជាស្ថិតក្នុងកម្រិតទាបក៏ដោយ៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top