(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រសួងព័ត៌មានបើកកិច្ចប្រជុំត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំ២០២៥ និងលើទិសដៅបន្ដឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដែលមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយិការ ប្រធាននាយកដ្ឋាន និងការិយាល័យដែលមានការពាក់ព័ន្ធ។
តាមការឲ្យដឹងនៃសន្និបាតរបស់ក្រសួងព័ត៌មាននឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះតែម្ដង។ បើតាមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ដ្រា បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងត្រៀមរៀបចំសន្និបាតបូកសរុបការងាររបស់ខ្លួនដែលបានខិតខំបំពេញក្នុងរយៈពេលពេញ ១ឆ្នាំ២០២៥នេះ ហើយលើកទិសដៅអនុវត្តន៍បន្តនៅឆ្នាំ២០២៦។ ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន គឺដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធល្អៗ ក្នុងរិះរកដំណោះស្រាយសមស្រប ចំពោះបញ្ហាប្រឈមនានា ហើយដាក់ចេញនូវទិសដៅការងារសម្រាប់ការអនុវត្តបន្តសំដៅលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ សន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងព័ត៌មាន ធ្វើឡើងដើម្បីចូលរួមក្នុងគោលនយោបាយកំណែទម្រង់សុីជម្រៅនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ អាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ដែរថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី នាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ក្រសួងព័ត៌មាន ដែលមានឯកឧត្តម នេត្រ ភក្ត្រា ជារដ្ឋមន្ត្រី បានដឹកនាំរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនបានចំនួន ២លើករួចមកហើយ ដោយបានបង្ហាញពីសមិទ្ធផលថ្មីៗគួរជាទីមោទនៈ លើវិស័យព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា៕
ដោយ ៖ ទេព វីរៈ
.jpg)
















