រដ្ឋមន្ដ្រីក្រសួងព័ត៌មានបញ្ជាក់ថា ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា​ក្នុង​ឆ្នាំ២០២៥មានភាព​ល្អប្រសើរ​

Vannak News Network

(ភ្នំពេញ) ៖ តាមការ​​បញ្ជាក់​របស់​ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​ ក្នុង​កម្មពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ ឆ្នាំ២០២៥ និងលើកទិសដៅ​ការងារ​ឆ្នាំ២០២៦ នាព្រឹក​ថ្ងៃទី​១៩ ខែមករា​​ ឆ្នាំ២០២៦ នៅទីស្ដីការ​ក្រសួង​ព័ត៌មាន បានឲ្យដឹងថា ស្ថានភាព​សេរីភាព​សារព័ត៌មានកម្ពុជា​ក្នុង​ឆ្នាំ២០២៥​ មានភាព​ល្អប្រសើរ​។


យោងតា​ម​ ឯកឧត្តម នេត្រ ភក្ដ្រា បានថ្លែង​ឲ្យ​ដឹងថា ក្រសួងព័ត៌មានបានយកចិត្តទុកដាក់លើការទទួលនិងចែករំលែកព័ត៌មាន គុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មាន និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីធានានូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយជំរុញនិងលើកកម្ពស់ការអនុវត្តក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន និងការតម្រង់ទិសជាយុទ្ធសាស្ត្រលើការអនុវត្តការងាររបស់ក្រុមការងារសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិនៃមន្ទីរព័ត៌មានរាជធានី-ខេត្ត។


ជាមួយគ្នានេះដែរ ក្រសួងព័ត៌មាន បានជំរុញអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានឱ្យបំពេញតួនាទីតាមក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព និងដើម្បីទប់ស្កាត់ជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មានដែលតែងតែធ្វើឱ្យបាត់បង់តម្លៃ និងកិត្យានុភាពរបស់អ្នកសារព័ត៌មាន ស្ថាប័ន សារព័ត៌មាន និងវិជ្ជាជីវៈសារព័ត៌មាន។


ឯកឧត្តមរដ្ឋមន្រ្ដី​បន្ថែម​ថា ការគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មាន និងសាធារណមតិ ក៏ទទួលបានលទ្ធផលគួរជាមោទនផងដែរ ជាពិសេសក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លទ្ធផលទាំងនេះ ឆ្លុះបញ្ចាំងតាមរយៈការសិក្សាអំពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាជាលើកទី២ កាលពីខែមេសា ឆ្នាំ២០២៥ បានបង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០២៥ មានភាពល្អប្រសើរ។ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក៏ជាជោគជ័យមួយរបស់ក្រសួងព័ត៌មានផងដែរ។ ចំនួនព័ត៌មានក្លែងក្លាយ បានថយចុះជិត ៤០ភាគរយ ខណៈពេលដែលក្រសួងព័ត៌មាន បានផ្តួចផ្តើមរៀបចំ «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ចាប់តាំងពីដើមខែមេសា ឆ្នាំ២០២៥មក ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីព័ត៌មានក្លែងក្លាយ និងបង្កើនអក្ខរកម្មព័ត៌មានក្នុងចំណោមប្រជាពលរដ្ឋ។ 


រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជឿជាក់យ៉ាងមុតមាំលើសមត្ថភាពស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពរបស់គ្រួសារក្រសួងព័ត៌មាន នឹងបន្តរួមគ្នាដើរតួនាទីស្នូលក្នុងការចូលរួមលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ ឱ្យកាន់តែរីកចម្រើន និងកសាងលំហព័ត៌មាននៅកម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព និងទំនួលខុសត្រូវសម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជា៕

កែសម្រួលដោយ ៖ លោក ទេព វីរៈ







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top