(ភ្នំពេញ) ៖ ក្នុងវេទិការជួបជុំជាមួយសហគ្រិនកសិកម្ម ដាំដុះ និងចិញ្ចឹមសត្វ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកកម្ម នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានលើកទឹកចិត្តឲ្យក្រុមហ៊ុនរបស់កម្ពុជាប្រឹងប្រែងបង្កើននូវផលិតផលកសិកម្មរបស់ខ្លួនឲ្យបានច្រើន ខណៈក្រុមហ៊ុនបរទេសមួយចំនួនបានដកខ្លួន និងប្រជាពលរដ្ឋខ្មែរបានពលិការឈប់ប្រើប្រាស់ផលិតផលថៃ។
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនរបស់ថៃប្រមាណ៦ក្រុមហ៊ុន បានដកខ្លួនពីកម្ពុជា ក្នុងចំណោមនោះមានក្រុមហ៊ុន ស៊ីភី ដែលរកស៊ីធំជាងគេក៏បានដកខ្លួនដែរ ហើយនេះជាឱកាសសម្រាប់សហគ្រិនកម្ពុជាគួរតែជម្រុញការផលិត ការដាំដុះ និងចិញ្ចឹមសត្វឲ្យបានច្រើនដើម្បីផ្គត់ផ្គង់តាមតម្រូវការ។ ម្យ៉ាងទៀត ពេលនេះស្របតាមការពលិការរបស់ប្រជាពលរដ្ឋខ្មែរ ដែលក្នុងប្រទេសកម្ពុជាកំពុងតែមានតម្រូវការខ្លាំងតែម្ដង មានទាំងផលិតផលប្រើប្រាស់ ម្ហូបអាហារ ថ្នាំសង្កូវ និងគ្រឿងបរិភោគជាច្រើនទៀតកំពុងតែចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃ។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា «ខ្ញុំគិតថានេះជាឱកាសមួយធំណាស់ សម្រាប់សហគ្រិនយើងទាំងអស់គ្នា ដើម្បីកសាងអ្វីដែលជាផលិតផលជំនួសការនាំចូលនេះតែម្តង ដែលមានទាំងផ្នែកសំណង់ ហើយផ្នែកចំណីអាហារក៏មានដែរ។ ពិតមែនតែក្រុមហ៊ុនជិតខាងយើង ពិតមែននៅមាន ប៉ុន្តែសកម្មភាពបានថមថយកាន់តែច្រើន ដោយសារតែជាតិនិយម។ បើអត់មានអ្នកទិញ បើទោះបីជានៅក៏អត់ប្រយោជន៍ដែរ ត្រូវតែដកថយជាស្វ័យប្រវត្តិ»។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចទាំងទ្វេរបាននឹងកំពុងតែយកចិត្ដទុកដាក់ខ្ពស់បំផុតចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបានដោះស្រាយបញ្ហាប្រឈមមុខប្រកបដោយប្រសិទ្ធភាព ជម្រុញឱ្យក្លាយជាកាលានុវត្តភាព ជាពិសេសសម្រាប់ការពង្រឹងការដាំដុះ ការលើកកម្ពស់សហគ្រាសធុនមីក្រូ ធនតូច និងមធ្យម ខណៈស្មារតីស្នេហាជាតិ និងស្មារតីរួបរួមជាតិ កាន់តែមានសន្ទុះខ្លាំងឡើង ដែលជំរុញដល់ការលើកស្ទួយ និងការឱ្យតម្លៃដល់ផលិតផលក្នុងស្រុក។
លោក កឹម អឿន នាយកប្រតិបត្តិ CEO លើកឡើងថា ស្របពេលដែលក្រុមហ៊ុនរបស់ប្រទេសជិតខាង ដែលឈប់ទទួលបានការគាំទ្រពីពលរដ្ឋកម្ពុជា បានដកខ្លួន គឺជាការទុកឱកាសឱ្យអ្នកដាំដុះ និងអ្នកចិញ្ចឹមសត្វនៅកម្ពុជា ដូច្នេះហើយអ្នកដាំដុះ អ្នកចិញ្ចឹមសត្វ និងអ្នកកែច្នៃ ត្រូវតែពង្រឹងទៅលើគុណភាព ផលិតឱ្យមាននិរន្តភាព ដើម្បីចាប់យកទំនុកចិត្តអ្នកប្រើប្រាស់ និងមានទីផ្សារធំ។ដើម្បីជំរុញឱ្យវិស័យកសិកម្ម និងការកែច្នៃនៅកម្ពុជា កាន់តែខ្លាំង គឺត្រូវការការរួបរួមគ្នា រវាងស្ថាប័នរាជរដ្ឋាភិបាល សមាគមបណ្តាញកសិករតេជោ និងកសិករដែលជាអ្នកដំាដុះ និងសហគ្រិនដែលជាអ្នកផលិត កែច្នៃ ដើម្បីប្រែក្លាយការប្រឈមឱ្យទៅឱកាសនៅកម្ពុជា។
លោកមានប្រសាសន៍ថា «ជាការពិតរដ្ឋាភិបាល លោកកំពុងមានគោលនយោបាយគាំទ្រវិស័យកសិកម្ម ហើយលោកនឹងបន្តជួយគាំទ្រទៀតនៃជាជ្រុងមួយដែលមិនអាចខ្វះបាន ប៉ុន្តែជ្រុងមួយទៀត គឺកសិករត្រូវចេះផ្តុំគ្នា ជ្រុងដែលក្រុមហ៊ុនឯកជនមួយផ្តល់ការគាំទ្រជាបច្ចេកទេស និងជ្រុងនៃធនាគារដែលផ្តល់នូវទុន។ ត្រូវការរួបរួមជ្រុងទាំង៣នេះ ទើបយើងអាចខ្លាំង»។
ជាមួយគ្នានេះ លោកបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថាន ស៊ីអ៊ីអូ បានលើកឡើងថា ការចូលរួមរបស់សហគ្រិន គឺជាកំលាំងចលករដ៏សំខាន់ ក្នុងការជំរុញបង្កើតអាជីវកម្ម ការងារ និងប្រាក់ចំណូលនៅក្នុង សេដ្ឋកិច្ចជាតិយើងឱ្យកាន់តែខ្លាំងក្លា៕ ដោយ ៖ ទេព វីរៈ


















