‎លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង តំណាងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កោះរ៉ុង ឌីវេឡុបមេន និងលោកជំទាវអ្នកឧកញ៉ា គឹម ចាន់ណា លាង ម៉េង ព្រមទាំងបុត្រ និងក្រុមការងារ អញ្ជើញនាំយកទេយ្យទាន និងគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់ព្រះសង្ឃគង់នៅវត្តគិរីជលសាកោះរ៉ុង ខេត្តព្រះសីហនុ

Vannak News Network

(ក្រុងកោះរ៉ុង) ៖ ‎លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន តំណាងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី (Royal Group Koh Rong Development Company Ltd) និងលោកជំទាវអ្នកឧកញ៉ា គឹម ចាន់ណា លាង ម៉េង ព្រមទាំងបុត្រ និងក្រុមការងារ បាននាំយកទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តគិរីជលសាកោះរ៉ុង ស្ថិតក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។

‎

‎​ពិធីប្រគេនទេយ្យទានដ៏ថ្លៃថ្លានេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីទឹកចិត្តជ្រះថ្លា សទ្ធាជ្រះជ្រោះ និងស្មារតីសប្បុរសធម៌យ៉ាងជ្រាលជ្រៅ ក្នុងការចូលរួមទ្រទ្រង់ លើកស្ទួយ និងពង្រឹងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែមានភាពចម្រើនរុងរឿង។ បន្ថែមពីនេះ សកម្មភាពនេះក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងចាន់ហាន់ប្រចាំថ្ងៃរបស់ព្រះសង្ឃ ដែលកំពុងគង់នៅតំបន់កោះឆ្ងាយដាច់ស្រយាល ដើម្បីឱ្យព្រះសង្ឃមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកបសមណកិច្ច និងប្រតិបត្តិធម៌វិន័យបានយ៉ាងរលូន។

‎

‎​សប្បុរសធម៌ និងទេយ្យវត្ថុដែលបាននាំយកទៅវេរប្រគេននាឱកាសនោះ រួមមាន៖ ​អង្ករចំនួន ២ បាវ (ស្មើនឹង ១០០ គីឡូក្រាម), ​មីចំនួន១០កេស, ​ទឹកត្រីចំនួន១០យួរ, ទឹកស៊ីអ៊ីវចំនួន១០យួរ, ​ត្រីខចំនួន១កេស និង៥យួរ,​ត្រីងៀត ចំនួន៥គីឡូក្រាម, ​សាច់គោ ចំនួន៥គីឡូក្រាម, ​ទឹកសុទ្ធ ចំនួន៥កេស, ​ទឹកដោះគោឆៅ ចំនួន៥កេស,​ ផ្លែឈើស្រស់ចំនួន២កន្ត្រក, ​ស្លាដក់ចំនួន២កញ្ចប់។ 

‎

‎​សកម្មភាពប្រកបដោយកុសលផលបុណ្យនាពេលនេះ មិនត្រឹមតែជាការចែករំលែកនូវក្តីសប្បុរស និងការជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ថែរក្សា ពូនជ្រុំ និងលើកកម្ពស់ប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដែលជាគ្រឹះវប្បធម៌ និងជាទីពឹងខាងផ្លូវចិត្តដ៏រឹងមាំរបស់ប្រជាជនខ្មែរតាំងពីបុរាណកាលរហូតមក។

‎

‎​ព្រឹត្តិការណ៍នេះក៏បានឆ្លុះបញ្ចាំងពី ស្មារតីសាមគ្គីភាព ការចែករំលែក និងការសាងអំពើល្អក្នុងសង្គម ដោយបានបន្សល់ទុកនូវគំរូដ៏ល្អផូរផង់សម្រាប់សង្គមជាតិ តាមរយៈការចូលរួមទ្រទ្រង់ព្រះពុទ្ធសាសនា និងការធ្វើបុណ្យដាក់ទានតាមលទ្ធភាព ដើម្បីរួមចំណែកបង្កើតនូវសន្តិភាពផ្លូវចិត្ត និងភាពសុខសាន្តក្នុងសង្គមខ្មែរទាំងមូល៕


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top