ក្រសួងព័ត៌មាន សម្រេចដកហូតអាជ្ញាប័ណ្ណផ្សព្វផ្សាយសារព័ត៌មានចំនួន២អង្គភាព ជុំវិញការបំពានច្បាប់ និងក្រមសីលធម៌

Vannak News Network

(ភ្នំពេញ) ៖ ក្រសួងព័ត៌មាន បានចេញប្រកាសជាផ្លូវការ ក្នុងការលុបចោលប្រកាសអនុញ្ញាតឱ្យបើកអាជីវកម្មផ្សព្វផ្សាយសារព័ត៌មាន ចំនួន២អង្គភាព ដោយសារម្ចាស់អង្គភាពបានរំលោភបំពានលើច្បាប់ស្តីពីរបបសារព័ត៌មាន ក្រមសីលធម៌វិជ្ជាជីវៈ និងកំពុងស្ថិតក្នុងនីតិវិធីតុលាការ។


‎ផ្អែកតាមប្រកាសរបស់ក្រសួងព័ត៌មាន ដែលចុះហត្ថលេខាដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា អង្គភាពសារព័ត៌មានទាំង ២ ដែលត្រូវបានលុបអាជ្ញាប័ណ្ណរួមមាន៖


‎១. គេហទំព័រ «ស៊ីប៊ីអិនធីវីអនឡាញ» (www.cbtvonline.com) ម្ចាស់អាជីវកម្ម លោក ឆៃ សុចិត្ដ ដែលមានទីស្នាក់ការស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុម្ចាស់អង្គភាពបានអនុវត្តសកម្មភាពបំពានច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ពាក់ព័ន្ធ និងកំពុងស្ថិតក្នុងនីតិវិធីតុលាការ។ 


‎២. គេហទំព័រ «ខ្មែរភក្តី» (www.kpd-news.com) ម្ចាស់អាជីវកម្ម លោក ឈៀង ថារិទ្ធ មានទីស្នាក់ការស្ថិតនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ដោយមូលហេតុម្ចាស់អង្គភាពបានបំពានច្បាប់ស្តីពីរបបសារព័ត៌មាន និងកំពុងស្ថិតក្នុងនីតិវិធីតុលាការ ផ្អែកតាមការវាយតម្លៃរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។


ក្នុងប្រកាសទាំងពីរនេះ ក្រសួងព័ត៌មានបានបញ្ជាក់ថា បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយត្រូវទុកជាមោឃៈ ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ 


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top