(ខេត្ដស្ទឹងត្រែង) ៖ ពាក់ព័ន្ធនឹងបញ្ហាដ៏ក្ដៅគគុកនៅខេត្ដស្ទឹងត្រែងដែលលោក អ៊ុំ សុភឿន រងការចោទប្រកាន់ពីលោកស្រី អ៊ាវ វុទ្ធី ថា បានលួចលក់ដីស្របច្បាប់ (ប្លង់រឹង) របស់លោកស្រីទៅអ្នកដ៏ទៃ ទើបបានប្ដឹងទៅតុលាការខេត្ដស្ទឹងត្រែង ហើយត្រូវបានតុលាការឲ្យចូលបំភ្លឺនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ។
ប្រភពព័ត៌មានដែលអង្គភាពយើងខ្ញុំទទួលបានឲ្យដឹងថា លោក អ៊ុំ សុភឿន ក្នុងដំណាក់កាលអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការទៅចៅក្រមស៊ើបសួរដើម្បីអនុវត្ដន៍បន្ដនីតិវិធីច្បាប់។ បច្ចុប្បន្ននេះ លោក អ៊ុំ សុភឿន ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន ដើម្បីរងចាំចំណាត់ការបន្ដទៀត។
ដោយឡែក ពាក់ព័ន្ធនឹងករណីនេះ អ្នកសារព័ត៌មានបានទាក់ទងសម្ភាសន៍លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីសាកសួរអំពីព័ត៌មានលម្អិត លោកបានបញ្ជាក់ថា៖ «រឿងនេះចៅក្រមកំពុងអនុវត្តនីតិវិធី មិនទាន់អាចនិយាយអីបាននោះទេ»។
គិតត្រឹមពេលនេះ ព័ត៌មានលម្អិតអំពីបទចោទប្រកានតាមនីតិវិធីច្បាប់ និងសេចក្តីសម្រេចរបស់តុលាការចំពោះលោក អ៊ុំ សុភឿន នៅមិនទាន់អាចបញ្ជាក់បានជាផ្លូវការនៅឡើយទេ ដោយឡែកមហាជនរំពឹងថា តុលាការនឹងផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះពិតប្រាកដជាក់ជាមិនខាន។
មហាជននឹងរងចាំមើលថា តើលោក អ៊ុំ សុភឿន អាចមានវាសនាគេចផុតពីសំណាញ់ច្បាប់ក្នុងដំណាក់កាលនេះបានដែរឬទេ? អង្គភាពយើងខ្ញុំក៏រងចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅរៀងរាល់ម៉ោងធ្វើការ សម្រាប់ព័ត៌មានលម្អិតយើងខ្ញុំនឹងផ្សាយនៅវគ្គក្រោយ៕





