(ភ្នំពេញ) ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (គ.គ.ផ.ស.) បានអះអាងថា ការដាក់ចេញនូវវិធានការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងដល់កិច្ចដំណើរការធុរកិច្ចនោះឡើយ ប៉ុន្តែវាគឺជាការកសាងទីផ្សារដែលអាចទុកចិត្តបាន ដោយតម្រូវឱ្យការធ្វើអាជីវកម្មត្រូវមានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងការគោរពច្បាប់។
ការគូសបញ្ជាក់របស់រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ត្រូវបានធ្វើឡើងក្នុងពិធីបើក «យុទ្ធនាការឆន្ទៈល្អ លើកទី២» ក្រោមប្រធានបទ «បន្តពង្រឹងការអនុវត្តវិធានការចាំបាច់នានាក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ នាសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកថា រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងនេះឡើងកាលពីខែមេសា ឆ្នាំ២០២៤ ដែលមានក្រសួងព័ត៌មានជាប្រធាន អមដោយក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអនុប្រធាន ព្រមទាំងមានស្ថាប័នពាក់ព័ន្ធជាច្រើនទៀតចូលរួម។ ចំណុចនេះបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងមិនមែនជាបន្ទុករបស់ក្រសួងណាមួយដាច់ាតិលនោះទេ ប៉ុន្តែជាភារកិច្ចអន្តរវិស័យទាមទារកិច្ចសហការរួមគ្នា។
ឯកឧត្តម នេត្រ ភក្ត្រា បានសង្កត់ធ្ងន់លើផលវិបាកសង្គមដែលមិនអាចមើលរំលងបាន ដូចជាគ្រោះថ្នាក់ចរាចរណ៍ក្រោមឥទ្ធិពលគ្រឿងស្រវឹង ការបាត់បង់សុខភាព បញ្ហាគ្រួសារ និងការប៉ះពាល់ដល់ផលិតភាពការងារ ដោយលោកបានលើកឡើងថា៖ «យើងមិនគួរចាត់ទុកបញ្ហាទាំងនេះថាជា "ថ្លៃដើមដែលសង្គមត្រូវទ្រាំ" ដើម្បីឱ្យទីផ្សាររីកចម្រើននោះទេ។ សេដ្ឋកិច្ចរីកចម្រើន និងសុខភាពប្រជាពលរដ្ឋល្អ ត្រូវដើរទៅជាមួយគ្នា»។
រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបន្ថែមថា ការគោរពច្បាប់មិនមែនជាភារកិច្ច ឬបន្ទុករបស់អាជីវកម្មឡើយ ប៉ុន្តែវាគឺជា «តម្លៃប្រកួតប្រជែង»។ ក្រុមហ៊ុនដែលទទួលបានទំនុកចិត្តពី រដ្ឋាភិបាល ដៃគូ និងអតិថិជន គឺជាអង្គភាពអាជីវកម្មដែលអាចឈរជើង និងរីកចម្រើនបានយូរអង្វែង។ ស្រដៀងគ្នានេះដែរ ការផ្សព្វផ្សាយភេសជ្ជៈមានជាតិស្ករ ក៏តម្រូវឱ្យមានការទទួលខុសត្រូវខ្ពស់ តម្លាភាព និងការការពារអ្នកប្រើប្រាស់ផងដែរ ដោយការផ្សាយពាណិជ្ជកម្មត្រូវមានភាពទាក់ទាញដោយមិនបំផ្លើស និងប្រកួតប្រជែងដោយសុចរិត។
ជាចុងក្រោយ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា យុទ្ធនាការ «ឆន្ទៈល្អ លើកទី២» នេះ គឺការបោះជំហានពី «ដំណាក់កាលនៃការស្វែងយល់» ទៅកាន់ «ដំណាក់កាលនៃការទទួលខុសត្រូវ និងការវាស់វែងលទ្ធផលជាក់ស្តែង» ដើម្បីធានាថា រាល់គោលការណ៍ច្បាប់ដែលបានយល់ដឹង នឹងត្រូវយកទៅអនុវត្តយ៉ាងមានប្រសិទ្ធភាព៕