យុវជនគណបក្សថ្នាក់កណ្ដាលផ្នែកក្រៅប្រព័ន្ធបើកកិច្ចប្រជុំត្រៀមរៀបចំ «វេទិកាពិភាក្សាជាមួយយុវជនក្រៅប្រព័ន្ធ» ដើម្បីពង្រឹងមូលដ្ឋានគាំទ្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

Vannak News Network

(ភ្នំពេញ)៖ ក្នុងគោលដៅបន្តពង្រឹង និងពង្រីកមូលដ្ឋានគាំទ្រ ព្រមទាំងយកចិត្តទុកដាក់លើសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសកម្លាំងយុវជនក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឯកឧត្តម ង៉ូវ បូរីណា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានផ្នែកក្រៅប្រព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារដ៏មានសារៈសំខាន់មួយ កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅវិមាន៧មករា រាជធានីភ្នំពេញ។


កិច្ចប្រជុំនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ សមាជិកគណៈកម្មាធិការកណ្តាល សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រៅប្រព័ន្ធ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អនុប្រធាន សមាជិក និងសមាជិការនៃយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធយ៉ាងច្រើនកុះករ។


ជាការពង្រឹងយុទ្ធសាស្ត្រគាំទ្រសេដ្ឋកិច្ចមូលដ្ឋាន អង្គប្រជុំបានផ្ដោតការពិភាក្សាយ៉ាងស៊ីជម្រៅលើការត្រៀមរៀបចំ «វេទិកាពិភាក្សាជាមួយយុវជនក្រៅប្រព័ន្ធ»។ ការរៀបចំវេទិកានេះ គឺជាជំហានយុទ្ធសាស្ត្រដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម-សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ស្របតាមគោលនយោបាយជាតិគាំពារសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។


អង្គប្រជុំបានឯកភាពគ្នាលើកកម្ពស់តួនាទីរបស់យុវជនជាស្នូល ក្នុងការប្រមូលមតិយោបល់ ស្វែងយល់ពីបញ្ហាប្រឈម និងប្រមូលធាតុចូលជាក់ស្តែងពីយុវជនដែលកំពុងប្រកបរបរអាជីវកម្មខ្នាតតូច និងសេវាកម្មក្រៅប្រព័ន្ធ។ ការរៀបចំវេទិកានាពេលខាងមុខ នឹងបម្រើការជា «ស្ពានតភ្ជាប់» យ៉ាងសំខាន់រវាងរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា និងយុវជនក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលដៅជំរុញ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ជំនាញ និងការសម្របសម្រួលផ្សេងៗ ដើម្បីជួយពង្រីកមុខរបរឱ្យកាន់តែរីកចម្រើន។


ម្យ៉ាងទៀតដើម្បីធានាឱ្យយុវជន និងអាជីវករទទួលបានការយល់ដឹងពីសិទ្ធិ អត្ថប្រយោជន៍ និងឱកាសទូលំទូលាយក្នុងទីផ្សារការងារ និងអាជីវកម្ម។ ការពង្រឹងជំនឿជាក់របស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់លើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។


កិច្ចប្រជុំបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់គ្នាខ្ពស់ និងមានសាមគ្គីភាពរឹងមាំ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការធានាឱ្យ «វេទិកាពិភាក្សាជាមួយយុវជនក្រៅប្រព័ន្ធ» នាពេលខាងមុខ ប្រព្រឹត្តទៅដោយរលូន ទទួលបានលទ្ធផលផ្លែផ្កា និងបង្កើតជាប្រយោជន៍ដ៏មានតម្លៃសម្រាប់សង្គមជាតិទាំងមូល៕


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top