តុលាការខេត្តស្ទឹងត្រែង សម្រេចលុបចោលដីការក្សាការពារលើដីទំនាស់ ក្រោយរកឃើញថាលោកស្រី អៀវ វុទ្ធី មានប័ណ្ណកម្មសិទ្ធិស្របច្បាប់លើក្បាលដីលេខ ៦២៩ ខណៈលោក អ៊ុំ សុភឿន ត្រូវបានឃុំខ្លួន និងអាជ្ញាធរមូលដ្ឋាន ៣រូបទៀត រងការចោទប្រកាន់ពីបទសមគំនិតលួចលក់អចលនទ្រព្យអ្នកដទៃ

Vannak News Network

(ស្ទឹងត្រែង)៖ សាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចលុបចោលទាំងស្រុងនូវដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន ឬដីកាក្សាការពារ លេខ ៣០៦ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដែលចេញតាមពាក្យស្នើសុំរបស់លោក អ៊ុំ សុភឿន ពាក់ព័ន្ធនឹងដីកសិកម្មមួយកន្លែង ក្បាលដីលេខ ៦២៩ ទំហំសរុប ៤២,២១៣ ម៉ែត្រការ៉េ ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ក្រោយពីពិនិត្យឃើញថា ដីនេះមានប័ណ្ណកម្មសិទ្ធិចុះបញ្ជីស្របច្បាប់តែម្នាក់ក្នុងឈ្មោះលោកស្រី អៀវ វុទ្ធី។

  

ការសម្រេចនេះធ្វើឡើងតាមដីកាសម្រេចលេខ ៥៤៦ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ របស់សាលាដំបូងខេត្តស្ទឹងត្រែង (សំណុំរឿងរក្សាការពារលេខ ០០៧ ចុះថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦) បន្ទាប់ពីបានពិនិត្យលើពាក្យសុំតវ៉ា ឯកសារកម្មសិទ្ធិ និងភស្តុតាងពាក់ព័ន្ធនានា

យោងតាមខ្លឹមសារដីកា លោក អ៊ុំ សុភឿន ជាម្ចាស់បំណុល បានអះអាងថា ខ្លួនបានចូលរួមទិញដីខាងលើជាមួយលោកស្រី អៀវ វុទ្ធី កាលពីអំឡុងឆ្នាំ២០១៧ និងបានស្នើសុំតុលាការចេញដីកាចាត់ចែងជាបណ្តោះអាសន្នហាមឃាត់ការចាត់ចែង និងការកាន់កាប់លើអចលនវត្ថុនោះ។


ទោះជាយ៉ាងណា លោកស្រី អៀវ វុទ្ធី បានដាក់ពាក្យសុំតវ៉ាចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ តាមរយៈមេធាវីតំណាង ដោយភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៩០៥០៥០១-០៦២៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង

  

ក្នុងសំអាងហេតុនៃដីកាសម្រេច តុលាការបានបញ្ជាក់យ៉ាងច្បាស់ថា លោកស្រី អៀវ វុទ្ធី បានធ្វើលទ្ធកម្មនៃកម្មសិទ្ធិពីឈ្មោះ សាយ រចនា ដោយបានធ្វើការផ្ទេរសិទ្ធិអចលនវត្ថុមកឈ្មោះ អៀវ វុទ្ធី ហើយបានចុះបញ្ជីរួចរាល់តាមនីតិវិធីដោយពុំមានភាពរាំងស្ទះណាមួយឡើយ ផ្អែកតាមមាត្រា ១៣៧ (អានុភាពក្នុងការសន្មតនៃការចុះបញ្ជី) នៃក្រមរដ្ឋប្បវេណី តុលាការយល់ឃើញថា ពុំមានភាពចាំបាច់ដែលត្រូវរក្សាការពារនោះទេ ទើបសម្រេចទទួលស្គាល់ពាក្យសុំតវ៉ា និងលុបចោលដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នលេខ ៣០៦ ទាំងស្រុង។

  

ដោយឡែក ពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌដែលកើតចេញពីវិវាទដីធ្លីនេះ លោក អ៊ុំ សុភឿន ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារ។ ខណៈអាជ្ញាធរមូលដ្ឋានចំនួន ៣រូបទៀត ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ «សមគំនិតលួចលក់អចលនទ្រព្យរបស់អ្នកដទៃដែលមិនមែនជារបស់ខ្លួន» អាជ្ញាធរមូលដ្ឋានទាំង ៣រូប ដែលត្រូវបានរាយការណ៍ថាពាក់ព័ន្ធក្នុងសំណុំរឿងនេះ រួមមាន៖


១. លោក ដាំ ភី មានតួនាទីជាស្មៀនឃុំ។

២. លោកស្រី ប៊ុន ណាវី មានតួនាទីជាជំទប់ឃុំទី១។

៣. លោក សយ សំណាង មានតួនាទីជាមេភូមិ។


(អ្នកទាំង ៣ មានតួនាទីបំពេញការងាររដ្ឋបាលភូមិ-ឃុំ នៅភូមិអន្លង់ជ្រៃ/វាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង) ការចោទប្រកាន់នេះ គឺជានីតិវិធីក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងការចោទប្រកាន់លើការលួចលក់អចលនទ្រព្យរបស់អ្នកដទៃ ខណៈលោក អ៊ុំ សុភឿន ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នរង់ចាំការបន្តនីតិវិធីតាមផ្លូវតុលាការ។


គួរបញ្ជាក់ថា សេចក្តីសម្រេចលុបចោលដីកាក្សាការពារ និងនីតិវិធីចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌ គឺជានីតិវិធីពីរផ្សេងគ្នា ប៉ុន្តែសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីខាងលើ។ ចំពោះសំណុំរឿងព្រហ្មទណ្ឌ ជនត្រូវចោទទាំងអស់នៅតែមានសិទ្ធិតាមផ្លូវច្បាប់ និងត្រូវចាត់ទុកថាគ្មានពិរុទ្ធភាព រហូតដល់មានសាលក្រមស្ថាពររបស់តុលាការ។

  

ទាក់ទងនឹងសេចក្តីសម្រេចដ៏ត្រឹមត្រូវ និងយុត្តិធម៌នេះ លោកស្រី អៀវ វុទ្ធី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស្ថាប័នតុលាការ និងលោកចៅក្រម ដែលបានពិនិត្យម៉ត់ចត់លើសំណុំរឿង និងផ្តល់ភាពយុត្តិធម៌ស្របតាមច្បាប់ជូនខ្លួន។ ជាមួយគ្នានេះ លោកស្រីក៏បានជូនពរដល់ ស្ថាប័នតុលាការ លោកចៅក្រម និងមន្ត្រីតុលាការទាំងអស់ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការបំពេញភារកិច្ចដ៏មានតម្លៃ  និងយុត្តិធម៌ក្នុងសង្គម។


សេចក្តីសម្រេចរបស់តុលាការលើករណីនេះ ក៏ជាសាររំលឹកពីសារៈសំខាន់នៃការគោរពសិទ្ធិកម្មសិទ្ធិប្រជាពលរដ្ឋ ការបំពេញតួនាទីរបស់មន្ត្រីសាធារណៈដោយមានការទទួលខុសត្រូវ និងការអនុវត្តច្បាប់ដោយស្មើភាព ដើម្បីធានាថា សិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋត្រូវបានការពារ៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top