បែកធ្លាយដីកាតុលាការខេត្តតាកែវឆ្នាំ២០១៥ លើកលែងការចោទប្រកាន់លោក ប៉ែន ជិនតុលា ក្នុងសំណុំរឿងគ្រឿងញៀន ខណៈថ្មីៗនេះត្រូវបានតែងតាំងជាអភិបាលរងស្រុកបាទី ធ្វើឱ្យមហាជនចាប់អារម្មណ៍

Vannak News Network

(តាកែវ)៖ មហាជនមួយចំនួនកំពុងចាប់អារម្មណ៍ និងមានការងឿងឆ្ងល់ បន្ទាប់ពីបានឃើញឯកសារដីកាលើកលែងការចោទប្រកាន់របស់សាលាដំបូងខេត្តតាកែវ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងលោក ប៉ែន ជិនតុលា ក្នុងសំណុំរឿងគ្រឿងញៀន ខណៈថ្មីៗនេះ លោកត្រូវបានតែងតាំងពីនាយករដ្ឋបាលស្រុកបាទី ឱ្យទៅកាន់មុខតំណែងជាអភិបាលរងស្រុកបាទី តាមសេចក្តីប្រកាសដែលបានបង្ហាញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។


យោងតាមដីកាលេខ ១៨០៥/២០១៥ ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ របស់សាលាដំបូងខេត្តតាកែវ បានបង្ហាញថា លោក ប៉ែន ជិនតុលា ត្រូវបានចៅក្រមស៊ើបសួរសម្រេចលើកលែងការចោទប្រកាន់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្រោយការពិនិត្យសំណុំរឿងមិនមានភស្តុតាង និងពិរុទ្ធភាពគ្រប់គ្រាន់សម្រាប់បន្តការចោទប្រកាន់។


តាមខ្លឹមសារដីកា សំណុំរឿងនេះមានប្រភពចេញពីប្រតិបត្តិការបង្ក្រាបគ្រឿងញៀនមួយកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដែលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតសារធាតុញៀនចំនួន២ថង់។


ក្នុងដំណាក់កាលសាកសួរ ជនសង្ស័យបានផ្តល់ចម្លើយពាក់ព័ន្ធនឹងការទិញគ្រឿងញៀនពីបុគ្គលម្នាក់នៅរបងសាលាឈើទាលជ្រុំ ដោយមានការលើកឡើងថា អ្នកលក់ហុចវត្ថុពីខាងក្នុង ខណៈអ្នកទទួលនៅខាងក្រៅ។ ទោះជាយ៉ាងណា ការកំណត់អត្តសញ្ញាណបុគ្គលនោះមិនមានភាពច្បាស់លាស់ ដោយសាររូបភាពមិនច្បាស់ និងមានការពាក់មួកសុវត្ថិភាពបិទបាំងមុខ។


ជុំវិញករណីនេះ លោក ប៉ែន ជិនតុលា បានបដិសេធការពាក់ព័ន្ធ និងអះអាងថា មិនធ្លាប់ស្គាល់ ឬមានទំនាក់ទំនងជាមួយបុគ្គលដែលត្រូវបានលើកឡើងក្នុងសំណុំរឿងនោះឡើយ។


ក្រោយពិនិត្យលើសំណុំរឿង តំណាងអយ្យការបានយល់ឃើញថា មិនមានភស្តុតាង និងពិរុទ្ធភាពគ្រប់គ្រាន់ ដើម្បីចោទប្រកាន់លោក ប៉ែន ជិនតុលា តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននោះទេ។ ជាលទ្ធផល ចៅក្រមស៊ើបសួរបានសម្រេចលើកលែងការចោទប្រកាន់លើលោកក្នុងសំណុំរឿងនេះ។


ដោយឡែក ការតែងតាំងលោក ប៉ែន ជិនតុលា ពីនាយករដ្ឋបាលស្រុកបាទី ទៅជាអភិបាលរងស្រុកបាទី ដែលបានបង្ហាញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ កំពុងក្លាយជាចំណុចដែលធ្វើឱ្យមហាជនមួយចំនួនចាប់អារម្មណ៍ និងចង់ដឹងបន្ថែមអំពីប្រវត្តិការងារ ប្រវត្តិរដ្ឋបាល និងលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើស និងតែងតាំងមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ។


យ៉ាងណាក៏ដោយ តាមឯកសារដែលបានបង្ហាញ ការសម្រេចរបស់តុលាការកាលពីឆ្នាំ២០១៥ គឺជាការលើកលែងការចោទប្រកាន់ដោយសារមិនមានភស្តុតាង និងពិរុទ្ធភាពគ្រប់គ្រាន់ ហើយមិនអាចយកសំណុំរឿងនេះមកធ្វើជាការសន្និដ្ឋានថា លោកមានពិរុទ្ធភាពនោះឡើយ។


សាធារណជនក៏រំពឹងថា ការតែងតាំងមន្ត្រីរាជការគ្រប់រូបនឹងបន្តផ្អែកលើសមត្ថភាព គុណវុឌ្ឍិ ប្រវត្តិការងារ សីលធម៌ និងតម្លាភាព ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះស្ថាប័នរដ្ឋបាលសាធារណៈ៕


#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top