(ព្រះវិហារ-ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យចំនួន ៧គោលដៅ ចំនួនប្រមាណ៦,៤៧៨ គ្រួសារ ស្មើ ២១,៥០៣នាក់ ដែលបានជម្លៀសមកកាន់ទីសុវត្ថិភាពចេញពីតំបន់សមរភូមិ បាននឹងកំពុងបន្តទទួលការផ្គត់ផ្គង់ម្ហូបអាហារ ពីក្រុមយុវជននៃសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំបញ្ជាផ្ទាល់ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
គិតចាប់ថ្ងៃផ្ទុះអាវុធដែលទាហានថៃឈ្លានពានកម្ពុជា កាលពីថ្ងៃ២៤ កក្កដាមក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងាររៀបចំផ្គត់ផ្គង់ម្ហូបអាហារ ជូនដល់ប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្រោមកិច្ចសហការជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
ក្រោយកម្ពុជាគោរពបទឈប់បាញ់យ៉ាងម៉ឹងម៉ាត់ ដើម្បីស្វែងរកព្រំដែនសន្តិភាព មានប្រជាពលរដ្ឋភៀសសឹកមួយចំនួនបានវិលត្រឡប់លំនៅឋានវិញ ខណៈពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យក៏បន្តស្នាក់នៅក្នុងជំរុំសុវត្ថិភាព និងមួយចំនួនក៏បានត្រឡប់មកវិញ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បាននឹងកំពុងដឹកនាំក្រុមយុវជនបន្តរៀបចំ ផ្គត់ផ្គង់ម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹក ដោយបំរើម្ហូបឲ្យបងប្អូនប្រជាពលរដ្ឋហូបចុកគ្រប់គ្រាន់ រង់ចាំពេលវេលាដែលរាជរដ្ឋាភិបាលអនុញ្ញាតិឲ្យត្រឡប់ ទៅកាន់លំនៅឋានវិញនាពេលដ៏ឆាប់ខាងមុខ៕