យុទ្ធនាការ​ «និយាយថាទេចំពោះព័ត៌មានក្លែង​ក្លាយ​» ត្រូវ​បានរៀបចំយ៉ាងអធិកអធម​នៅ​ខេត្តព្រៃវែង​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋមន្ដ្រី​ក្រសួងព័ត៌មាន​ - MEN SAMAN

Vannak News Network

(ខេត្ដព្រៃវែង​) ៖ នៅខេត្តព្រៃវែង​មានការ​រៀបចំ​យុទ្ធនាការ​ និយាយថាទេ ចំពោះព័ត៌មានក្លែង​ក្លាយ​ Say No to Fake News ដែលរៀបចំដោយ​មន្ទីរព័ត៌មានខេត្តព្រៃវែង​ នាថ្ងៃទី​១១ ខែសីហា ឆ្នាំ២០២៥ ដែល​មាន​ការអញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ពី ឯកឧត្តម​ ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ​ក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មាន​ខេត្តព្រៃវែង​ តំណាង​ឯកឧត្តម​ នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និង​ឯកឧត្តម​ អន ភារៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង​ ព្រម​ទាំង​មានការចូលរួម​ពី​មន្ដ្រីរាជការ​នៃមន្ទីរ​អង្គភាព​ជុំវិញខេត្ត​ កងកម្លាំង​ប្រដាប់អាវុធ​ អភិបាល​ទាំង​១៣ស្រុក​ រដ្ឋបាលឃុំ​សង្កាត់​ មន្ដ្រី​ព័ត៌មាន​ អ្នកសារព័ត៌មាន និង​យុវជន​ សរុបប្រមាណជាង​៤០០នាក់។


លោក ញ៉ែម សៅគ្រី ប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង បានលើកឡើងថា យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ សម្រាប់បញ្ជ្រាបការយល់ដឹង ឱ្យដល់ពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន ដើម្បីចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។ ក្នុងន័យនេះ មន្ទីរព័ត៌មានដើរតួនាទីស្នូលក្នុងការរៀបចំ និងសម្របសម្រួលការអនុវត្តជាមួយថ្នាក់ដឹកនាំ អាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឱ្យយុទ្ធនាការនេះលេចចេញជារូបរាងឡើង។ លោក ប្រធានមន្ទីរព័ត៌មានបន្តថា យុទ្ធនាការនេះមានសារៈសំខាន់ ទាំងក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងព័ត៌មាននៅប្រទេសកម្ពុជា និង ក្នុងតំបន់។ យុទ្ធនាការនឹងប្រើវិធីសាស្ត្រ និងទម្រង់រៀបចំស្របតាមបរិបទនៃសង្គមឌីជីថល ក្នុងគោលដៅផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ទំនើប ក្នុងការទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ។ 


ឯកឧត្តម អន ភារៈ អភិបាលរងខេត្តព្រៃវែង មានប្រសាសន៍ថា យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយនេះផ្តល់ឱកាសនិងលើកទឹកចិត្តឱ្យតួអង្គពាក់ព័ន្ធទាំងអស់ក្នុងសង្គមចូលរួម ដើម្បីទទួលព័ត៌មាន ចំណេះដឹងបន្ថែមអំពីផលវិបាក និង គ្រោះថ្នាក់ ដែលព័ត៌មានក្លែងក្លាយបង្កឡើង។ យុទ្ធនាការនេះលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងអ្នកផលិតមាតិកាលើបណ្តាញសង្គម អំពីការកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ វិធានការទប់ស្កាត់ការរីកសាយភាយ និងបន្សាបព័ត៌មានក្លែងក្លាយ និងបំផុសឆន្ទៈចូលរួមតាមរយៈការអនុវត្តវិធានការបង្ការ និងសកម្មភាពនានាចាំបាច់ក្នុងការធានាសុវត្ថិភាពព័ត៌មានក្នុងសង្គម។ 


ឯកឧត្តមអភិបាលរងខេត្ត មានប្រសាសន៍បន្តថា ការបញ្ជ្រាបការយល់ដឹងឱ្យដល់ពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន និងពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធ ផ្សព្វផ្សាយ ជាកត្តាដ៏សំខាន់មួយ ដើម្បីផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ឱ្យមកចូលរួមទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ។ ឯកឧត្ដម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តព្រៃវែង មានប្រសាសន៍ដែរថា គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សា ដែលបណ្តាល ឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឱ្យមានការបែកបាក់សាមគ្គីភាព ក្នុងសង្គម។ 


ឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ​ បាន​មានប្រសាសន៍ថា យុទ្ធនាការនៃការប្រឆាំងព័ត៌មានក្លែង​ក្លាយ ឬនិយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ​ យើងដឹងរួចមកហើយ​អំពីព័ត៌មានក្លែង​ក្លាយ​ដែលមានគ្រោះថ្នាក់បំផុត​ដល់បុគ្គល សង្គមជាតិ ជាពិសេសគឺរដ្ឋាភិបាល​ ដែលវាធ្វើ​ឲ្យ​មានខូចឈ្មោះ​បុគ្គល​ ឬស្ថាប័ន​ ដកការទុកចិត្ត​ពីរដ្ឋាភិបាល​នេះ គឺជាព័ត៌មានក្លែងក្លាយ​ ហើយឯកឧត្តម​បានស្នើស្នើសុំអ្នក​ផ្សព្វផ្សាយតាមបណ្ដាញសង្គមទាំង​អស់​មានហ្វេសប៊ុក​ តិកតុក និងអ្នកសារព័ត៌មាន​ទាំង​នៅក្នុង​ប្រទេសកម្ពុជា​ ឬនៅមូលដ្ឋានខេត្តព្រៃវែង​សូមឲ្យផ្សព្វផ្សាយនូវព័ត៌មានណាដែលពិត​ និង​សូមកុំផ្សាយរឿងមិនពិត​វាប៉ះពាល់ខ្លាំង​ណាស់។ ហើយជាពិសេស​ប្រទេសកំពុងតែមានការ​ប្រឈម​រឿង​សមរភូមិ ​ហើយ​ការនិយាយរឿងមិនពិត​នេះអាចនាំ​ឲ្យ​មានការច្របូកច្របល់​ក្នុង​សង្គមជាតិ​អស្ថេរភាព ដែលមានបញ្ហា​សង្គមជាតិ​កាន់តែខ្លាំង​ ហើយ​ឯកឧត្តម​ សង្កត់ធ្ងន់ថា អ្នកMMO អ្នក​មានផេក​ធំៗ​ អ្នកមាន​ឥទ្ធិពលលើបណ្ដាញសង្គម​ ជាបុគ្គលក្ដី​សូមមានការប្រុងប្រយ័ត្ន​ចំពោះការផ្សាយ​របស់ខ្លួន​ ហើយ​សូមឲ្យ​ផ្សាយព័ត៌មានដែលជាក់ស្ដែង​ ចំពោះ​ប្រភពនាពេល​នេះ​គឺយើងអាច​យកមក​បាន​នៅពេលនេះ ​ប្រភព​សំខាន់​គឺ​របស់រដ្ឋាភិបាល ក្រសួងការពារ​ជាតិ ក្រសួងព័ត៌មាន​ជាដើម ទើប​ជាប្រភព​ច្បាស់លាស់។


គោលដៅរបស់យុទ្ធនាការគឺកាត់បន្ថយព័ត៌មានក្លែងក្លាយ ឱ្យមកនៅកម្រិតអប្បបរិមាសំដៅធានាសន្តិសុខព័ត៌មាន៖ គឺការទទួលព័ត៌មានប្រកបដោយគុណភាព និង សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ឯកឧត្ដម អនុរដ្ឋលេខាធិការ បន្ថែមទៀតថា ក្នុងបរិបទនៃការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា ការទទួល និងផ្សព្វផ្សាយព័ត៌មានបែបទំនើប តាមប្រព័ន្ធឌីជីថល ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម បានកើនឡើងជាលំដាប់ ខណៈគ្រោះថ្នាក់នៃ ព័ត៌មានក្លែងក្លាយដែលចរាចរតាមមធ្យោបាយទំនើបទាំងនេះ រឹតតែមានលក្ខណៈស្រួចស្រាល់ឡើង។ ទាំងអស់នេះទាមទារឱ្យ ពលរដ្ឋដែលជាអ្នកប្រើប្រាស់ ផលិត ឬចែកចាយព័ត៌មាន ស្វែងយល់ដឹងឱ្យបានច្បាស់អំពីផល វិបាកនៃព័ត៌មានក្លែងក្លាយ ហើយចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ពិសេសមុនចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនសិន៕














#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top