(កោះកុង) ៖ ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលខេត្តកោះកុងថ្មី គឺលោកជំទាវ ឈី វ៉ា នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានមតិណែនាំដល់លោកជំទាវឲ្យមានការប្រឹងប្រែងធ្វើការងារប្រកាន់ខ្ជាប់នូវសាមគ្គីភាពផ្ទៃក្នុង និងត្រូវខិតខំប្រឹងប្រែងសហការចូលរួម ក្នុងដំណើរការអភិវឌ្ឍខេត្តកោះកុងឲ្យមានភាពរីកចម្រើនបន្ថែមទៀត ដើម្បីលើកស្ទួយវិស័យទេសចរណ៍សេដ្ឋកិច្ច, លើកស្ទួយជីវភាពពលរដ្ឋ រក្សាសណ្តាប់ធ្នាប់ភូមិ ឃុំមានសុវត្ថិភាព និងអភិវឌ្ឍន៍ឲ្យមានភាពចម្រើននៅតាមមូលដ្ឋាន ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានភាពឆាប់រហ័ស។
ក្នុងពិធីនោះផងដែរ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តកោះកុង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្តកោះកុងទាំងអស់ ដែលបានរួមសាមគ្គីសហការគ្នា ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញការអភិវឌ្ឍខេត្ត ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសន្តិសុខសណ្ដាប់សាធារណៈសង្គម បានល្អប្រសើរ នាពេលកន្លងមក។
លោកជំទាវ ឈី វ៉ា ក្រោយប្រកាសចូលកាន់តំណែង បានប្តេជ្ញាចិត្តថា នឹងខិតខំអនុវត្តគោរពទៅតាមគោលនយោបាយដែលរាជរដ្ឋាភិបាល បានប្រគល់ជូន បំពេញកាតព្វកិច្ចតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ប្រកបដោយតម្លៃគុណធម៌ សហការសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីចូលរួមចំណែកការអនុវត្តការងារ ក្នុងជួរគណៈអភិបាលខេត្ត កាន់តែមានប្រសិទ្ធភាព ជាពិសេសការលើកកម្ពស់ការផ្ដល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តកោះកុង រកដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា និងអនុវត្តការងារឲ្យកាន់តែមានការរីកចម្រើនបន្ថែម លើកស្ទួយខេត្ត និងធ្វើការទំនាក់ទំនងផ្នែកវិស័យទេសចរណ៍ និងសេដ្ឋកិច្ចឲ្យមានភាពរីកចម្រើនដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកជំទាវ ឈី វ៉ា ជាអភិបាលខេត្តកោះកុង ជំនួសលោកជំទាវ មិថុនា ភូថង។ មុនទទួលការតែងតាំង ជាអភិបាលខេត្ដកោះកុងនេះ លោកជំទាវ ឈី វ៉ា ជាអភិបាលរងខេត្តកោះកុង៕











