(ភ្នំពេញ) ៖ នារដូវការប្រមូលផលស្រូវនេះ ដោយមើលឃើញពីកត្ដាហានិភ័យនៃការធ្លាក់ចុះយ៉ាងខ្លាំងតម្លៃស្រូវដែលជាការព្រួយបារម្ភយ៉ាងខ្លាំងបំផុត លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានជម្រុញកសិករឲ្យចូលរួមជាសមាជិក «សហគមន៍កសិកម្មទំនើប» ដែលមិនងាយរងផលបះពាល់នៃការធ្លាក់ចុះថ្លៃស្រូវឡើយ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានគូសបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា(ទទក) ថា សហគមន៍កសិកម្មទំនើប គឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការការពារកសិករពីហានិភ័យនៃការធ្លាក់ចុះថ្លៃស្រូវប្រកបដោយនិរន្តរភាព។ នៅពេលកសិករចូលជាសមាជិកសហគមន៍កសិកម្មទំនើប ពួកគាត់នឹងទទួលបានការធានាទីផ្សារ, ការផ្ដល់ដើមទុនកម្ចីមានអត្រាការប្រាក់ទាប, កាត់បន្ថយថ្លៃដើមផលិត និងការចុះកិច្ចសន្យាទិញ-លក់ក្នុងតម្លៃសមរម្យទុកជាមុន ជាដើម។
«អ្នកខ្លះថា បើជួយជាសហគមន៍កសិកម្មបាន ហេតុអ្វីក្រសួងមិនជួយទាំងអស់គ្នាតែម្ដងទៅ។ តាមពិតយើងចង់ជួយទាំងអស់គ្នា ប៉ុន្តែអ្នកទិញ (ឈ្មួញ) គេចង់ធ្វើការជាមួយសហគមន៍ ដែលមានការប្រមូលផ្ដុំ មានទំនុកចិត្ត ដូច្នេះបើកសិករមិនប្រមូលផ្ដុំគ្នាទេ អ្នកទិញ គឺពិបាកទិញ»។ នេះជាការពន្យល់បន្ថែមរបស់ លោក ឃឹម ហ្វីណង់ ដោយបន្តលើកទឹកចិត្តកសិករឱ្យចងក្រងជា «សហគមន៍កសិកម្មទំនើប» ដើម្បីធានាបានតម្លៃ និងទីផ្សារស្រូវល្អប្រសើរនៅឆ្នាំបន្ទាប់ៗទៀត។ ស្រូវចាប់ផ្ដើមធ្លាក់ថ្លៃតាំងពីពាក់កណ្ដាលខែកក្កដាមកម្ល៉េះ ដោយសារតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះជាបន្តបន្ទាប់ ហើយរោងម៉ាស៊ីនកិនស្រូវក្នុងប្រទេសកម្ពុជាភាគច្រើននៅសល់ស្តុកអង្ករចាស់ ចុងអង្ករ និងកន្ទួកច្រើន។
ជាចម្ងល់ច្រើនរបស់មហាជនបានលើកឡើងអំពីបញ្ហានៃការធ្លាក់ថ្លៃស្រូវ ដែលបណ្ដាលមកពីការបន្ទាបថ្លៃពីក្រុមឈ្មួញកណ្ដាល ហើយពួកគេក៏ពិបាកក្នុងការតថ្លៃផងដែរ ព្រោះបើមិនព្រមលក់ទេ គឺទុកចោលកប់ដើមទុនជាដើម ប៉ុន្ដែចំណុចលើកឡើងរបស់ លោក ឃឹម ហ្វីណង់ ក៏ម្យ៉ាងដែរថា ការចងជាសហគមន៍កសិកម្មទំនើប អាចចំណេញច្រើនហើយការលក់ក៏មិនរងផលប៉ះពាល់ច្រើនដែរ។ សហគមន៍កសិកម្មទំនើប មានជម្រើសច្រើនក្នុងការលក់ ប្រសិនបើមិនត្រូវថ្លៃគ្នាទេត្រង់ចំណុចណាមួយ គឺគេអាចរកឈ្មួញណាដែលហ៊ានឲ្យតម្លៃសមរម្យហើយអាចលក់បានទាំងអស់គ្នាតាមរយៈសហគមន៍នេះបាន។
ដើម្បីដោះស្រាយបញ្ហាក្នុងរដូវកាលនេះ ក្រសួងកសិកម្មបានអំពាវនាវឱ្យរោងម៉ាស៊ីនទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ និងស្នើឱ្យអ្នកហូបជួយទិញអង្ករពីរោងម៉ាស៊ីនជាដៃគូដែលបានចូលរួមទិញស្រូវពីកសិករ និងសហគមន៍។ ជាមួយគ្នានេះ ក្រសួងក៏ទទូចឱ្យដេប៉ូជីថ្នាំ, ម្ចាស់ដីស្រែជួលពន្យារពេលសង និងបន្ធូរបន្ថយថ្លៃឈ្នួលដល់កសិករផងដែរ៕


