(ភ្នំពេញ) ៖ សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានថ្លែងការណ៍ដោយសេចក្ដីព្រួយបារម្ភជាខ្លាំងដែលភាគីថៃ មិនព្រមគោរពតាមសេចក្ដីថ្លែងការណ៍រួមនៅគួឡាឡាំពួ ដែលជាលក្ខណ្ឌក្នុងការដោះលែងយោធិន១៨រូបអោយមានសេីភាពឡើងវិញ បន្ថែមពីនេះទៀតភាគីថៃព្រមានប្រើប្រាស់កម្លាំងដណ្ដើមយកប្រាសាទតាក្របីពីកម្ពុជាយើងទៀតផង។
តាមការលើកឡើងរបស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអះអាងថា ការអត្ថាធិប្បាយរបស់ថៃ ផ្ទុយទៅនឹងខ្លឹមសារចំណុចទី៤ ដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍រួម ថា៖ «ភាគីទាំងពីរបានឯកភាពគ្នាជៀសវាងការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ ការអះអាងគ្មានភស្តុតាង ឬវោហាសាស្ត្រដែលបង្កគ្រោះថ្នាក់ទាំងតាមបណ្តាញផ្លូវការរដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការដើម្បីបន្ថយភាពតានតឹង កាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបសើសាធារណជន និងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្តិវិធី»។
អ្នកនាំពាក្យរដ្ឋាភិបាល សង្កេតឃើញភាគីថៃមិនបានគោរពខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ឡើយ។ ព្រោះមកទល់បច្ចុប្បន្ន ភាគីថៃ គឺមិនទាន់ដោះលែងយោធិនកម្ពុជា១៨រូប តាមស្មារតីនៃសេចក្តីថ្លែងការណ៍រួម ដែលរំពឹងថានឹងត្រូវបានដោះលែងភ្លាមៗ ស្របតាមស្មារតីនៃការអនុវត្តតាមកាតព្វកិច្ចនៃច្បាប់មនុស្សធម៌អន្តរជាតិ។
ជាក់ស្ដែង ក្នុងសេចក្តីថ្លែងការណ៍រួម ទីក្រុងគួឡាឡាំពួ ចំណុចទី៥ បានចែងថា ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ប្រទេសថៃ ក្នុងការលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមក ប្រទេសថៃនឹងដោះលែងយោធិនកម្ពុជាទាំងនោះដោយគ្មានបង្អែបង្អង់ឡើយ។
យ៉ាងណាមិញ អ្នកនាំពាក្យរាជរដ្ឋាភិបាល ទទូចឱ្យភាគីថៃគោរពនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវរាល់ខ្លឹមសារ ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួ ដោយមិនត្រូវអត្ថាធិប្បាយណាមួយ ដែលនាំឱ្យមានភាពតានតឹង និងបាត់បង់ទំនុកចិត្តរវាងគ្នាឡើយ។ ទន្ទឹមនឹងនេះ កម្ពុជា ក៏បានអំពាវនាវដល់ថៃ ឱ្យបញ្ឈប់នូវការដាក់លក្ខខណ្ឌផ្សេងៗ ដែលមិនស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំនានា។
គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកានេះ គឺមានរយៈពេល១០០ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាទាំង ១៨រូប ត្រូវបានចាប់ខ្លួន និងស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕

