(ពោធិ៍សាត់) ៖ លោកបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ដ្រៃយ៍ ស.ស.យ.ក និងជាប្រធានស.ស.យ.ក ខេត្តពោធិ៍សាត់ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានស.ស.យ.ក ជូនដល់វីរកងទ័ពសមរភូមិមុខតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ តាមរយៈលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់
ឱកាសនៃការជូនអំណោយនេះ លោកបណ្ឌិត ហេង សុខគង់ បានពាំនាំនូវបណ្ដាំសួរសុខទុក្ខពីសំណាក់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពិសេសកងកម្លាំងវីរកងទ័ពដែលកំពុងតែឈជើងនៅសមរភូមិមុខ និងជនភៀសសឹកដោយតែការឈ្លានពានរបស់សៀម។ លោកបណ្ឌិតបានលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធឲ្យមានការជឿជាក់លើព្រះមហាក្សត្រ សម្ដេចតេជោ និងសម្ដេចធិបតីនាយករដ្ឋមន្ដ្រី ដែលបានដឹកនាំក្នុងការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី និងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសផងដែរ។
ថ្វីត្បិតតែការឈ្លានពានរបស់សៀមដោយគ្មានមេដឹកនាំណាមួយរឹងមាំដើម្បីចចារជាមួយថ្នាក់ដឹកនាំកម្ពុជាក៏ដោយ ប៉ុន្ដែកងកម្លាំងរបស់កម្ពុជាបានតស៊ូយ៉ាងអង់អាចក្លាហានមិនឲ្យពួកចោរធ្វើអ្វីតាមអំពើចិត្តដែលខ្លួនចង់បាននោះដែរ ជំហរនៃការចចាររបស់ថ្នាក់ដឹកនាំកម្ពុជាបានបើកឱកាសស្ទើតែគ្រប់ពេលទាំងអស់ក្នុងការស្វែងរកសន្ដិភាពនៃប្រទេសទាំងពីរ។ ម្យ៉ាងទៀតក្នុងរយៈកាល២ឆ្នាំកន្លងមកហើយ ដែលសៀមបានប្ដូរនាយករដ្ឋមន្ដ្រីរហូតដល់ទៅ៣នាក់ ហើយក៏គ្មាននាយករដ្ឋមន្ដ្រីថៃរូបណាមានឥទ្ធិពល ឬអំណាចបញ្ជាទ័ពរបស់ខ្លួនឲ្យឈប់បាញ់ប្លន់ដីរបស់ខ្មែរដែរ។
អំណោយដែលផ្តល់ជូនក្នុងឱកាសនោះរួមមាន៖ ថវិកា៥លានរៀល, អង្ករ១តោន, មី១០០កេសធំ, ថ្នាំពេទ្យ និងបរិក្ខារពេទ្យ២០កេស, ប្រេងក្រឡា, អាវ, ពិល, ពិលពាក់ក្បាល, សម្ភារៈប្រើប្រាស់ Power bank, ថ្នាំដុសធ្មេញ និងដំណាប់ផ្លែឈើ១៥គីឡូក្រាម៕
អត្ថបទដោយ ៖ ទេព វីរៈ








