(ភ្នំពេញ) ៖ យោធារបស់សៀមបានប្រើអាវុធធ្ងន់ៗជាច្រើន រួមទាំងយន្ដហោះទម្លាក់គ្រាប់បែកដើម្បីបំផ្លិចបំផ្លាញប្រាសាទរបស់ខ្មែរ ដែលជាទ្រព្យសម្បត្ដិដ៏មានតម្លៃបំផុត និងក៏ជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកផងដែរ នេះបើយោងតាម ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បង្ហោះនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ។
បើតាមឯកឧត្តម នេត្រ ភក្ត្រា យោធាថៃ បានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត នៅក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១០ ខែធ្នូ។ រូបភាពដែលឯកឧត្តម នេត្រ ភក្ត្រា បានបង្ហោះលើហ្វេសប៊ុកបានបង្ហាញពីទិដ្ឋភាពប្រាសាទតាក្របី រងការបំផ្លិចបំផ្លាញខ្ទេចខ្ទី នៅសល់តែថ្មប្រាសាទគរនៅលើគ្នា ពោលគឺខូចទ្រង់ទ្រាយប្រាសាទទាំងស្រុងតែម្ដង។
ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរលើហ្វេសប៊ុកដូច្នេះ៖ «យើងសូមថ្កោលទោសចំពោះអំពើឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា និងសូមសហគមន៍អន្តរជាតិចាប់បង្ខំភាគីថៃឱ្យអនុវត្តនូវសេចក្តីថ្លែងការណ៍ស្តីពីកិច្ចព្រមព្រៀងសន្តិភាព ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី និងបញ្ឈប់ការធ្វើយុទ្ធនាការមួលបង្កាច់កម្ពុជា»។
បើតាម ឯកឧត្តម នេត្រ ភក្ដ្រា បានសង្កត់ធ្ងន់ថា កម្ពុជាជាជនរងគ្រោះនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ថៃបានបង្កហេតុគ្រប់បែបយ៉ាងដើម្បីមួលបង្កាច់និងចោទប្រកាន់កម្ពុជាដើម្បីរកលេសឈ្លានពានកម្ពុជា៕
.jpg)
